អាចនិយាមបានថា នៅក្នុងយុគសម័យឌីជីថល ការបើកអាជីវកម្មលក់ទំនិញអនឡាញមើលទៅដូចជាងាយស្រួល ព្រោះមិនបាច់ចំណាយថ្លៃជួលហាង ឬដេគ័រស្អាតៗនោះទេ។ ប៉ុន្តែ ការពិតជាក់ស្តែង អ្នកលក់អនឡាញទើបចាប់ផ្តើមជាច្រើននាក់ ត្រូវបាត់បង់ដើមទុន និងលក់ខាត ដោយមិនដឹងខ្លួន ដោយសារការមើលរំលងលើចំណាយចិបចុបនានា និងការខ្វះប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។ ប្រសិនបើអ្នកទើបតែប្រឡូកក្នុងវិស័យលក់អនឡាញ ហើយចង់ការពារដើមទុនមិនឲ្យបាត់បង់ ខាងក្រោមនេះជា វិធី ៣ យ៉ាង ដែលអ្នកត្រូវអនុវត្តជាបន្ទាន់៖
១.ឈប់ទិញស្តុកតាមអារម្មណ៍ ហើយប្តូរមកប្រើវិធី Test Market៖ កំហុសឆ្គងធំបំផុតរបស់អ្នកលក់អនឡាញថ្មីថ្មោង គឺការ បោះទុនទិញទំនិញមកស្តុកទុកច្រើន ដោយសារតែឃើញគេលក់ដាច់ ឬគិតថាខ្លួនឯងចូលចិត្ត។ នៅពេលទំនិញលក់មិនដាច់ ដើមទុនទាំងអស់នឹងត្រូវកប់ចោលនៅក្នុងស្តុកទាំងអស់។ សម្រាប់ដំណោះស្រាយ ត្រូវអនុវត្តវិធី Test Market (សាកល្បងទីផ្សារ) ដោយនាំចូល ឬទិញស្តុកក្នុងបរិមាណតិចតួចបំផុត ចន្លោះពី ៥ ទៅ ១០កញ្ចប់ មកថតរូប ឬវីដេអូផ្សព្វផ្សាយសិន។ ប្រសិនបើមានការបញ្ជាទិញកើនឡើង ចាំចាប់ផ្តើមបង្កើនការកុម្ម៉ង់មកស្តុកជាបន្តបន្ទាប់តាមក្រោយ។ ឬប្រើប្រាស់យុទ្ធសាស្ត្រ Pre-Order (ឲ្យអតិថិជនកក់ប្រាក់មុន) ដើម្បីកាត់បន្ថយហានិភ័យនៃការស្ទះស្តុក ១០០%។
២.គ្រប់គ្រងថ្លៃដាក់ Ads ឲ្យមានដែនកំណត់ និងវាស់វែង ROI ច្បាស់លាស់៖ អ្នកលក់អនឡាញជាច្រើន តែងតែជឿថា ឲ្យតែដាក់ Ads ច្រើន មុខជានឹងលក់ដាច់បានច្រើន។ ប៉ុន្តែការពិត ការដាក់ Ads លើ Facebook ឬ TikTok ដោយគ្មានយុទ្ធសាស្ត្រ និងគ្មានការសាកល្បង A/B Testing ទេ គឺជា ការដុតលុយចោលយ៉ាងលឿនបំផុត។ ជាដំណោះស្រាយ ត្រូវកំណត់កញ្ចប់ថវិកា Ads ជាថ្ងៃ ឲ្យច្បាស់លាស់ និងតូចល្មម (ឧទាហរណ៍ $៣ -$៥ ក្នុងមួយថ្ងៃ) សម្រាប់ធ្វើការសាកល្បងរូបភាព ឬ Content ផ្សេងៗគ្នាសិន។ ហើយពិនិត្យមើល ROI (Return on Investment) ឲ្យបានល្អិតល្អិត។ ប្រសិនបើដាក់ Ads អស់ $១០ តែលក់បានចំណេញមកវិញត្រឹម $៥ ត្រូវប្រញាប់បិទ ឬកែសម្រួល Content នោះភ្លាម មិនត្រូវរង់ចាំរហូតដល់អស់លុយពីកុងនោះទេ។ មួយទៀត បង្វែរមកបង្កើនការធ្វើ Organic Content ដូចជាវីដេអូខ្លីៗលើ TikTok ឬក៏ Reels ដែលមិនអស់ថ្លៃ Ads តែអាចទាក់ទាញអតិថិជនបានច្រើន។
៣.បូកបញ្ចូលចំណាយចិបចុបនានា ទៅក្នុងថ្លៃដើមផលិតផល៖ អ្នកលក់អនឡាញភាគច្រើន គណនាថ្លៃដើមឃើញត្រឹមតែ ថ្លៃទិញទំនិញចូល ប៉ុណ្ណោះ តែភ្លេចគិតពីចំណាយតូចតាចជុំវិញ ដែលធ្វើឲ្យពេលលក់អស់ បែរជាគ្មានសល់លុយចំណេញ។ ចំណាយចិបចុបនានានោះមានដូចជា ថ្លៃវេចខ្ចប់ (ប្រអប់ថង់ ស្កុត ឬកាតអរគុណ) ថ្លៃសេវាដឹកជញ្ជូន (ករណី Free Delivery ឲ្យអតិថិជនខ្លួនឯង) ថ្លៃទំនិញខូចខាត ឬអតិថិជនបដិសេធមិនទទួលទំនិញ ថ្លៃសេវាដាក់ Ads និងថ្លៃសេវាធនាគារ ជាដើម។ ហើយចំពោះដំណោះស្រាយ ត្រង់ចំណុចនេះ ត្រូវបូកបញ្ចូលចំណាយតូចតាចទាំង ចូលទៅក្នុងតម្លៃដើមសរុប រួចចាំបូកបន្ថែមភាគរយចំណេញ តាមក្រោយ ដើម្បីចៀសសវាងការ លក់ដាច់ តែខាតលុយ។
យ៉ាងណាមិញ ការលក់អនឡាញឲ្យជោគជ័យ និងមានចីរភាព មិនមែនទាមទារត្រឹមតែ បច្ចេកទេសលក់នោះទេ ប៉ុន្តែវាទាមទារ វិន័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងដើមទុនផងដែរ។ ការការពារមិនឲ្យបាត់បង់ប្រាក់ចំណេញ គឺស្មើនឹងការបង្កើតចំណូលបន្ថែមឲ្យអាជីវកម្មរបស់អ្នកដូចគ្នា៕


