នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល អ្នកប្រើប្រាស់សេវាធនាគារទាំងអស់សុទ្ធតែអាចប្រើប្រាស់កាតធនាគាររបស់ខ្លួនក្នុងការទិញទំនិញតាមអនឡាញដូចជាទិញទំនិញតាមវេបសាយលក់ផលិតផលឬសេវាកម្មតាមអនឡាញនិងបង់ថ្លៃSubscription នៃសេវាកម្មផ្សេងជាដើម។
យ៉ាងមិញការទិញទំនិញឬសេវាកម្មតាមវេបសាយនៅលើអនឡាញដោយប្រើប្រាស់កាតធនាគារក្នុងការទូទាត់ក៏អាចមានហានិភ័យឈានដល់ការបាត់លុយពីកុងធនាគាររបស់អ្នកដោយសារតែក្រុមhackerឬអ្នកមានបច្ចេកទេសអាចយកលុយពីកុងធនាគារររបស់អ្នកបាន។
ដូច្នេះរឿងដែលអ្នកត្រូវចៀសវាងដាច់ខាតបើមិនចង់អស់លុយពីកុងធនាគារគឺកុំទុកលុយច្រើននៅក្នុងគណនីដែលបានភ្ជាប់ជាមួយកាតធនាគារដែលអ្នកប្រើប្រាស់សម្រាប់ទូទាត់ទំនិញឬសេវាកម្មពេលទិញទំនិញតាមអនឡាញលើវេបសាយផ្សេងៗ។
ជាធម្មតា នៅពេលអ្នកទិញទំនិញតាមអនឡាញលើវេបសាយលក់ទំនិញឬសេវាកម្មតាមអនឡាញ គេតម្រូវឲ្យអ្នកទូទាតតាមកាតធនាគារដូចជាកាត Mastercard, Visa Card និងកាតផ្សេងៗទៀត។ កាតទាំងនេះតែងតែភ្ជាប់ទៅកុងធនាគាររបស់អ្នកដើម្បីឲ្យអ្នកប្រើប្រាស់កាតទូទាត់ហើយការទូទាត់ត្រូវកាត់ចេញពីកុងធនាគារដែលបានភ្ជាប់ជាមួយកាតទាំងនេះ។
វិធីដែលHacker អាចលួចលុយពីកុងធនាគាររបស់អ្នកបានោះគឺពេលអ្នកទិញទំនិញលើវេបសាយក្លែងក្លាយដែលត្រូវបានបន្លំជាវេបសាយពិតនោះ អ្នកនឹងបញ្ចូលព័ត៌មាននៃការធនាគាររបស់អ្នកមានដូចជាលេខកាត កាលបរិច្ឆេទផុតកំណត់របស់កាតនិងលេខCVV ជាដើម។ ត្រង់នេះ ពេលHackerទទួលបានព័ត៌នៃកាតរបស់អ្នក ហើយនោះ ជាលទ្ធផលពួកគេអាចប្រើប្រាស់កាតរបស់អ្នកក្នុងការទូទាត់ទំនិញនៅកន្លែងផ្សេងចេញពីកុងធនាគាររបស់អ្នកដែលធ្វើឲ្យអ្នកអស់លុយពីកុងដោយមិនដឹងខ្លួន។
លើសពីនេះ ពេលខ្លះអ្នកអាចនឹងធ្វើការទូទាត់ទំនិញតាមlink ក្លែងក្លាយដែលបង្កើតឡើងដោយក្រុមជនខិលដូចនិងHackers ហើយពេលអ្នកទូទាត់ដោយប្រើប្រាស់កាតតាមរយៈបញ្ចូលនូវព័ត៌មានកាតរបស់អ្នកនោះ គេនឹងអាចលួចកាតរបស់អ្នកប្រើប្រាស់ចាយលុយចេញពីកាតធនាគាររបស់អ្នកបានយ៉ាងងាយស្រួល។
ដើម្បីទិញទំនិញតាមអនឡាញលើវេបសាយលើទំនិញអនឡាញប្រកបដោយសុវត្ថិភាពគឺ អ្នកត្រូវបង្កើតកាតនិម្មិត( Virtual Card) នៅក្នុងApp ធនាគាររបស់អ្នក ហើយបង្កើតគណនីវ៉លឡេតសម្រាប់ដាក់លុយទូទាត់ពេលទិញទំនិញអនឡាញ រួចភ្ជាប់កាតធនាគារទៅគណនីវ៉លឡេតរបស់អ្នក។ ត្រង់នេះពេលទិញទំនិញអនឡាញដោយប្រើប្រាស់កាត អ្នកអាចទូទាតចេញពីគណនីវ៉លឡេត។
ត្រង់នេះដែរ លុយដែលដាក់ក្នុងគណនីវ៉លឡេត អ្នកត្រូវដាក់នូវទឹកលុយសម្រាប់ចំណាយទិញទំនិញបានហើយ។ ឧទាហរណ៍បើអ្នកទំនិញអស់១០០ដុល្លារ នោះលុយក្នុងគណនីវ៉លឡេត ត្រូវដាក់តែ១០០ដុល្លារបានហើយ។ ធ្វើបែបនេះទើបគេមិនអាចលួចលុយពីកុងធនាគាររបស់អ្នកបាន ព្រោះពេលគេhack យកព័ត៌មានកាតរបស់អ្នកក៏មិនអាចលួចលុយបានដែរព្រោះក្នុងគណនីធនាគាររបស់អ្នកគ្មានលុយទេ៕


