សេដ្ឋី Warren Buffett និងសេដ្ឋី Bill Gates គឺជាសេដ្ឋីមានទ្រព្យរាប់ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក ហើយភាពមានបានរបស់ពួកគាត់គឺកើតចេញពីការខិតខំប្រឹងប្រែងតាំងពីក្មេងរហូតអាចកសាងទ្រព្យសម្បត្តិវាលលានដុល្លារដូចសព្វថ្ងៃនេះ។
ពេលមានគេសួរឲ្យពួកគាត់ពន្យល់ពីភាពជោគជ័យដែលធ្វើឲ្យពួកគាត់ សល់លុយ សល់ទ្រព្យនិងមានទ្រព្យរាប់ពាន់លានដុល្លារ សេដ្ឋី Warren Buffett និង Bill Gates បានឆ្លើយចម្លើយដូចគ្នាថាពួកគាត់មានបានដល់សព្វថ្ងៃគឺមានតែពាក្យមួយម៉ាត់គឺ”ផ្ដោត”( Focus)។
ជាក់ស្ដែង សេដ្ឋី Bill Gates បានផ្ដោតលើការសរសេរកូដ( Coding) កាលពីគាត់នៅក្មេង។ ហើយដោយសារតែគាត់វ៉ល់និងផ្ដោតលើការសរសេរកូដនេះហើយទើបធ្វើឲ្យលោកអាចបង្កើតក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាក៏ធំបំផុតមួយនៅលើពិភពលោក។
ចំណែក សេដ្ឋី Warren Buffett រឿងដែលគាត់ផ្ដោតធ្វើដែលធ្វើឲ្យគាត់មានបានដល់សព្វថ្ងៃគឺគាត់ផ្ដោតលើការវិនិយោគ។ នៅក្នុងឆ្នាំ១៩៤២ កាលដែលគាត់មានអាយុ១១ឆ្នាំ សេដ្ឋី Warren Buffett បានយកលុយសន្សំចំនួន១១៤.៧៥ដុល្លារមកវិនិយោគទិញភាគហ៊ុនក្រុមហ៊ុន Cities Service ហើយគាត់ក៏ចាប់ផ្ដើមផ្ដោតលើការវិនិយោគលើផ្សារហ៊ុនរហូត អាចកសាងទ្រព្យរាប់ពាន់លានដុល្លារនិងជាប់ឈ្មោះជាសេ្ដចវិនិយោគប្រចាំសតវត្សទី២១។
សរុបមកអ្វីដែលយើងអាចរៀនបានពីសេដ្ឋី Warren Buffett និងសេដ្ឋី Bill Gates គឺបើយើងមានជំនាញឬទេពកោសលក្យអ្វី ចូរផ្ដោតធ្វើវាឲ្យខ្លាំងបំផុត នោះអ្នកនឹងទទួលបានផលទ្ធផលអស្ចារ្យអាចផ្លាស់ប្ដូរជីវិតនិងអាចកសាងភាពមានបាន សល់លុយ សល់ទ្រព្យបាន៕