កំពុងជាប់បំណុលមិនមែនគិតតែប្រឹងរកលុយទេ! នេះជារឿងដំបូងបង្អស់ត្រូវ បើចង់ដោះបំណុលឲ្យបានឆាប់
Toeuy HongAPRIL 5 20269 views

មានមនុស្សច្រើនណាស់ ពេលជាប់បំណុលនាំគ្នាប្រឹងរកលុយឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីបានលុយយកមកដោះបំណុលឲ្យបានឆាប់និងស្រលះខ្លួន។ យ៉ាងណាមិញផ្លូវក្នុងការដោះបំណុល បើគិតតែពីរកលុយហើយមិនគិតពីយុទ្ធសាស្រ្តក្នុងការដោះបំណុលទេនោះអ្នកមិនងាយដោះបំណុលបានលឿនឡើយ។

 

ជាការពិតណាស់ ពេលអ្នកជំពាក់បំណុលគេ ការរកចំណូលឲ្យបានច្រើនគឺ​ជារឿងសំខាន់បំផុតដែលអ្នកត្រូវធ្វើប៉ុន្ដែពេលអ្នកជាប់បំណុលគេហើយចង់រកផ្លូវដោះបំណុល រឿងដំបូងត្រូវធ្វើគឺចាត់ចែងលុយកាក់ ឬធ្វើផែនការចំណាយ នេះបើយោងតាមការលើកឡើងរបស់លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីរបស់អាមេរិក។

 

 កាលណាអ្នកប្រឹងរកលុយបានឲ្យច្រើនប៉ុន្ដែមិនបានគិតគូរឿងចាត់ចែងនិងគ្រប់គ្រងលុយកាក់ទេនោះវាមិនខុសពីនារីកញ្ជើធ្លុះនោះទេ ចៅមាណពខំរកត្រីប៉ុន្ដែប្រពន្ធកាន់កញ្ជើធ្លុះ ទោះប្ដីប្រឹងរកត្រីយ៉ាងណាក៏មិនសល់ត្រីដែរព្រោះកញ្ជើដាក់ត្រីធ្លុះធ្លាយហើយត្រីរបូតទៅតាមទឹកអស់គ្មានសល់។  បើនិយាយពីរឿងលុយវិញមិនខុសពីរឿងនារីកញ្ជើធ្លុះនោះទេ ពោលគឺបើអ្នកប្រឹងតែរកលុយតែមិនគិតពីរឿងចាត់ចែងនិងគ្រប់គ្រងលុយទេនោះរកយ៉ាងណាក៏មិនងាយសល់ដែរ។

 

 ដូច្នេះពេលអ្នកជាប់បំណុលជំហានដំបូងបង្អស់ត្រូវធ្វើគឺចាប់ផ្ដើមគ្រប់គ្រងលុយកាក់ គ្រប់គ្រងលំហូរសាច់ប្រាក់ តាមរយៈការធ្វើផែនការចំណាយ។ ការធ្វើផែនការចំណាយគឺជាជំហានដំបូងដ៏ល្អដែលអាចឲ្យអ្នកត្រួតពិនិត្យចំណូលចំណាយប្រចាំខែរបស់អ្នកបានត្រឹមត្រូវដើម្បីដឹងថាមួយខែៗអ្នករកចំណូលបានប៉ុន្មានហើយអ្នកចំណាយប៉ុន្មាន។ វិធីសាមញ្ញៗក្នុងការធ្វើផែនការចំណាយមានដូចខាងក្រោមនេះ៖

 

១. បូកសរុបចំណូលប្រចាំខែ

បូកចំណូលដែលអ្នករកបានមិនថាប្រាក់ខែ ការប្រាក់ ចំណូលពីការវិនិយោគនិងចំណូលផ្សេងៗដើម្បីដឹង១ខែអ្នករកចំណូលបានប៉ុន្មានឲ្យប្រាកដ។

 

២. តាមដានការចំណាយប្រចាំថ្ងៃ

១ថ្ងៃៗចំណាយលើអ្វីខ្លះត្រូវកត់ត្រាឲ្យច្បាស់ៗ រួចចុងខែបូកសុរបចំណាយរបស់អ្នក។ នៅពេលអ្នកតាមដានចំណាយឲ្យច្បាស់លាស់ប្រចាំថ្ងៃហើយមកបូកសរុបចំណាយប្រចាំខែអ្នកនឹងដឹងច្បាស់ពីចំណាយចំណាយប្រចាំខែ។ ជំហានបន្ទាប់គឺត្រូវមើលបញ្ជីចំណាយប្រចាំខែរបស់អ្នក ហើយកាត់បន្ថយឬកាត់ផ្ដាច់ចំណាយដែលមិនចាំបាច់។

 

 មួយវិញចំពោះចំណាយចាំបាច់ក៏អ្នកត្រូវពិនិត្យមើលដែរព្រោះចំណាយខ្លះចាំបាច់មែនតែអ្នកចាយច្រើនហួសហេតុក៏ត្រូវកាត់បន្ថយវាដែរ។ ដូច្នេះបើអ្នកធ្វើតាមជំហានទាំង២ដែលបានរៀបរាប់ខាងលើនេះ អ្នកនឹងសល់លុយមួយផ្នែកធំហើយលុយដែលសល់នេះអាចយកមកបុកដោះបំណុលឲ្យឆាប់អស់។

 

 សរុបមកបើអ្នកកំពុងជាប់បំណុល រឿងដំបូងត្រូវធ្វើគឺត្រូវចាត់ចែងលុយកាក់តាមរយៈធ្វើផែនការចំណាយ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia