ដើម្បីសុវត្ថិភាពកីឡាករ និងកីឡាការនី ប្រភេទកីឡាចំនួន ៨ រួមមាន៖ ១. បាល់ទាត់ (Football) ២. យូដូ (Judo) ៣. ការ៉ាតេ (Karate) ៤. បញ្ចសីលា (Pencak Silat) ៥. ប៉េតង់ (Petanque) ៦. ចំបាប់ (Wrestling) ៧. វូស៊ូ (Wushu) ៨. សីដក់ (Sepak Takraw) នឹងមិនត្រូវបញ្ចូនទៅចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍កីឡា SEA Games លើកទី៣៣ ដែលរៀបចំនៅប្រទេសថៃឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

យ៉ាងណាមានប្រតិភូកីឡាសរុបចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះទៅចូលរួម ដោយក្នុងនោះមានដូចជា៖ ១. កីឡាហែលទឹក (Swimming) ២. កីឡាអត្តពលកម្ម (Athletics) ៣. កីឡា Esports ៤. កីឡាប្រយុទ្ធ (Fencing) ៥. កីឡាកាយសម្ព័ន្ធ (Gymnatics) ៦. កីឡា Ju-Jitsu ៧. កីឡាប្រដាល់សេរី (Kickboxing) ៨. កីឡាតេខ្វាន់ដូ (Taekwondo) ៩. កីឡាជិះសេះ (Equestrian) ១០. កីឡា Jetski ១១. កីឡា ទ្រីយ៉ាថ្លុន (Triathlon) ១២. កីឡាវាយកូនបាល់លើតុ (Teqball) និងកីឡាបាល់ទះ ដែលត្រូវទៅចូលរួមព្រឹត្ដិការណ៍មួយនេះ។
ការកាត់បន្ថយប្រភេទកីឡាចូលរួមក្នុងព្រឹត្ដិការណ៍ខាងលើ ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ពីថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេសទទួលបាន អនុសសាន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាចុងក្រោយ កាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត៕




