ព្រឹត្តិការណ៍កីឡា Olympic រដូវក្តៅ លើកទី៣៣ កំពុងធ្វើឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ មានអត្តពលិកចូលរួមជាង១ម៉ឺននាក់ មកពីជុំវិញពិភពលោក ខណៈ១០០ឆ្នាំជាង ទើបបារាំងបានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានេះជាលើកទី០៣ ព្រោះព្រឹត្តិការណ៍នេះគេធ្វើវិលជុំរៀងរាល់៤ឆ្នាំម្តង ឆ្លាស់គ្នា២ឆ្នាំម្តងរវាងកីឡារដូវក្តៅនិងរដូវរងារ។
យ៉ាងណាមិញព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០២៤ នេះត្រូវបានគេរាយការណ៍ថា ទីក្រុង Paris បានចំណាយទឹកប្រាក់អស់ ៩.៧ ពាន់លានដុល្លារអាមេរិក តិចជាងការចំណាយរបស់ទីក្រុងម្ចាស់ផ្ទះមុនៗ ដូចជាម្ចាស់ផ្ទះចិននិងម្ចាស់ផ្ទះជប៉ុន។ នេះបើតាមការចុះផ្សាយពីកាសែត First Post និង Fox Business។
ក្នុងនោះប្រទេសចិនបានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នាទីក្រុង Beijing កាលពីឆ្នាំ២០២២ ដែលបានចំណាយ ទឹកប្រាក់អស់ប្រមាណ ៣៨.៥ពាន់លានដុល្លារ លើសពីការរំពឹងទុកនៃកញ្ចប់ថវិការបស់រដ្ឋាភិបាលចិនចំនួនដប់ដង។ នេះបើយោងតាមទិន្នន័យពីសារព័ត៌មាន Business Insider ។
ដោយឡែកចំពោះទីក្រុង Tokyo ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ កាលពីឆ្នាំ២០២០ បានចំណាយទឹកប្រាក់អស់ប្រមាណ ១២.៩ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីសារព័ត៌មាន Nikkie Asia ។
ទន្ទឹមនឹងការចំណាយក្នុងការប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិកលំដាប់សកល ជាមួយនឹងទំហំទឹកប្រាក់ខុសគ្នានេះដែរ ត្រូវបានគេកត់សម្គាល់ថាដោយសារទីក្រុងប៉ារីស ពុំបានចំណាយថវិកាក្នុងការសាងសង់ពហុកីឡាដ្ឋានថ្មីៗនោះទេ ដោយងាកមកជួសជុលអគារចាស់ៗ ហើយនេះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែលគេប្រារព្ធកម្មវិធីបើកព្រឹត្តិការណ៍កីឡា ដោយធ្វើក្បួនដង្ហែក្រៅពហុកីឡាដ្ឋាន លើដងទន្លេសែន ចំកណ្តាលបេះដូងនៃក្រុងប៉ារីស ជាមួយនឹងភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់លាននាក់។
គួរជម្រាបផងដែរថាប្រទេសបារាំងទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Olymipics ចំនួន៣លើកមកហើយ ដោយលើកទី១នៅក្នុងឆ្នាំ១៩០០ លើកទី២នៅក្នុងឆ្នាំ១៩២៤ ជាកីឡាអូឡាំពិករដូវរងារ និងលើកទី៣នៅឆ្នាំ២០២៤នេះ៕
អត្ថបទដោយ៖ ពីង ជូអេង