ក្រោយសាងសង់ព្រលានថ្មីរួចរាល់ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ក៏ដូចជាព្រលានយន្ដហោះអន្ដរជាតិសៀមរាបចាស់ត្រូវបានផ្អាកដំណើរ ដោយរាល់ការហោះហើរ និងប្រតិបត្ដិការត្រូវបានផ្ទេរទៅកាន់ព្រលានថ្មីវិញ។ យ៉ាងណាក្រោយផ្អាកដំណើរការ ព្រលានយន្ដហោះចាស់ទាំង ២ នេះមិនត្រូវបានទុកចោលនោះទេ ប៉ុន្ដែនឹងត្រូវអភិវឌ្ឍន៍ទៅជាគម្រោងថ្មី ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។
១. ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ
ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ត្រូវបានផ្អាកដំណើរការទាំងស្រុងកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយរាល់ប្រតិបត្តិការ និងជើងហោះហើរទាំងអស់ត្រូវបានផ្ទេរទៅកាន់ ព្រលានយន្ដហោះអន្តរជាតិតេជោ (TIA) ដែលជាព្រលានថ្មីវិញ។

យ៉ាងណាតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងតែរៀបចំទីតាំងព្រលានយន្តហោះពោធិ៍ចិនតុង ឲ្យក្លាយទៅជាទីធ្លាសាធារណៈសម្រាប់ប្រជាពលរដ្ឋ ហើយទីតាំងនេះមានអគារប្រវត្តិសាស្រ្តចំនួន២ គឺអគារស្ថានីយចាស់ និងអគារ Tower ដែលកំពុងរៀបចំនិងអភិរក្ស ដោយបរិវេណជុំវិញកំពុងដាំដើមឈើ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមបើកឲ្យប្រជាពលរដ្ឋចូលកម្សាន្ត និងហាត់ប្រាណ។ ក្នុងនោះព្រលានយន្ដហោះនេះក៏នឹងប្ដូរទៅជាឈ្មោះ សួនច្បារពោធិ៍ចិនតុង វិញផងដែរ ដោយនៅតែរក្សាឈ្មោះដើម ដើម្បីរំលឹកដល់ប្រវត្តិសាស្រ្តរបស់ទីតាំងនេះ។

២. ព្រលានយន្ដសៀមរាបចាស់
ព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ត្រូវបានផ្អាក និងបិទការហោះហើរជាផ្លូវការកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដោយប្រតិបត្ដិការទាំងអស់ត្រូវបានផ្ទេរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរវិញ។
យ៉ាងណាក្រោយផ្អាកដំណើររយៈពេលជាច្រើនឆ្នាំ ពេលនេះក្រុមហ៊ុន Angkor International Airport Investment (AIAI) ដែលជាក្រុមហ៊ុនអភិវឌ្ឍព្រលានយន្ដហោះអន្តរជាតិសៀមរាបអង្គរ បានបញ្ជាក់ពីគម្រោងអភិវឌ្ឍទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារថ្មី នៅលើទឹកដីខេត្ដសៀមរាបផងដែរ។
តាមការបញ្ជាក់ពីលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន AIAI បានឲ្យដឹងថា គម្រោងវិនិយោគ និងការអភិវឌ្ឍទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ មានរួមបញ្ចូលសេវាទេសចរណ៍ ពាណិជ្ជកម្ម ការកម្សាន្ត និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀតផងដែរ៕




