ក្រុមហ៊ុន Olam Food Ingredients (OFI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Olam Group មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងមានប្រតិបត្តិការជាង ៦០ប្រទេស ដោយមានជំនាញអាជីវកម្មម្ហូបអាហារ និងកសិ-ពាណិជ្ជកម្មឈានមុខគេមួយពេលនេះបានបង្ហាញពីគោលបំណងជំរុញ និងស្វែងរកឱកាសក្នុងការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាផងដែរ។
ជាក់ស្តែង នៅក្នុងជំនួបជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម បានលើកឡើងថា ក្រុមហ៊ុន Olam Group ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន Olam Outspan (Cambodia) នៅកម្ពុជាផងដែរ តាំងពីឆ្នាំ២០១៧ ក្នុងទិសដៅបន្តជំរុញ និងពង្រីកវិសាលភាពវិនិយោគបន្ថែមទៅលើការកែច្នៃស្វាយចន្ទីកម្ពុជា និងដំណាំសក្តានុពលកម្ពុជាបន្ថែមទៀត រួមមាន ស្វាយ ទុរេន ម្នាស់ ជាដើម។

លោកបានបន្ថែមថា ដោយពិនិត្យឃើញអំពីសក្តានុពលដ៏សម្បូរបែបនៅកម្ពុជា ជាមួយនឹងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ចនិងនយោបាយ ក្រុមហ៊ុន OFI មានបំណងពង្រីកការវិនិយោគបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកែច្នៃស្វាយចន្ទីនេះផ្ទាល់ ព្រមទាំងបានស្នើសុំពង្រឹងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការអំណោយផល ដើម្បីជំរុញការកែច្នៃផលិតផលសក្តានុពលកម្ពុជាឱ្យកាន់តែសម្បូរបែបជាបន្តបន្ទាប់នាពេលអនាគតផងដែរ។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ លោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម ចំពោះទំនុកចិត្តក្នុងការវិនិយោគ និងពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា និងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការលើកកម្ពស់ ជំរុញ និងអភិវឌ្ឍវិស័យកែច្នៃស្វាយចន្ទីកម្ពុជា និងផលិតផលសក្តានុពលផ្សេងទៀតឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕


