ថ្មីៗនេះអ៊ីរ៉ង់បានគំរាមវាយប្រហារគ្រប់រោងចក្រប្រេងទាំងអស់នៅក្នុងប្រទេសជិតខាង បន្ទាប់ពី អ៊ីស្រាអែល បានវាយប្រហាររោងចក្រថាមពលរបស់ខ្លួនយ៉ាងហោចណាស់ចំនួន ៥នៅទីក្រុងតេអេរ៉ង់។ អ្នកនាំពាក្យរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃ អាទិត្យ ខ្លួននឹងធ្វើឱ្យតម្លៃប្រេងពិភពលោកឡើងខ្ពស់ដល់ ២០០ដុល្លារក្នុងមួយបារ៉ែល បើបណ្តាប្រទេសជិតខាងមិនព្រមជួយគ្នាបញ្ឈប់សកម្មភាពរបស់ អ៊ីស្រាអែល និងអាមេរិកនោះទេ។ អ៊ីរ៉ង ថែមទាំងបានបោះសម្ដីទៀតថា “ប្រសិនបើអ្នកអាចទ្រាំទ្រនឹងប្រេងក្នុងតម្លៃលើសពី ២០០ ដុល្លារក្នុងមួយបារ៉ែលបាន ចូរបន្តល្បែងនេះទៀតចុះ”។
ក្រុមហ៊ុនចែកចាយប្រេងរបស់អ៊ីរ៉ង់បាននិយាយថា ក្រោមការវាយប្រហាររបស់ អ៊ីស្រាអែល មកលើទីតាំងរោងចក្រថាមពលរបស់ខ្លួនបានធ្វើឱ្យបុគ្គលិកបួននាក់ត្រូវបានសម្លាប់ ខណៈដែលអ័ព្ទខ្មៅបានគ្របដណ្ដប់ពាសពេញទីក្រុង ហើយក្លិនប្រេងដែលកំពុងឆេះនៅតែបន្តនៅលើអាកាស។ ការផ្ទុះនៅក្នុងទីក្រុង Karaj ដែលនៅក្បែរនោះបានបន្លឺឡើងពាសពេញតំបន់ ហើយបានបន្សល់ទុកផ្សែងខ្មៅយ៉ាងអួរអាប់នៅក្នុងតំបន់នោះ។
អ្នកនាំពាក្យរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់នឹងសងសឹក ប្រសិនបើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតែបន្ត។ ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សម្តីអ្នកនាំពាក្យរបស់អ៊ីរ៉ងបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាបានកំណត់គោលដៅលើជនស៊ីវិល និងរោងចក្រប្រេងឥន្ធនៈ ដោយនិយាយថា បណ្ដាប្រទេសនៅឈូងសមុទ្រគួរតែដាក់សម្ពាធលើពួកគេ (អាមេរិក និង អ៊ីស្រាអែល) ឱ្យបញ្ឃប់ទង្វើរឈ្លានពាននេះ តែបើអត់ទេ "សកម្មភាពស្រដៀងគ្នានេះនឹងត្រូវធ្វើឡើងនៅក្នុងតំបន់ដូចគ្នា"។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Chris Wright បានលើកឡើងថា ការវាយប្រហារដែលវាយប្រហារលើរោងចក្រប្រេងរបស់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងដោយ អ៊ីស្រាអែល ហើយទីក្រុងវ៉ាស៊ីនតោនមិនបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ទេ។
គួរបញ្ជាក់ថា ចាប់តាំងពីអ៊ីរ៉ងប្រកាសបិទច្រកសមុទ្រ Hormuz បានបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូសដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារសកល។ ព្រោះច្រកផ្លូវនេះគឺជាសរសៃឈាមដ៏សំខាន់សម្រាប់ដំណើរការពាណិជ្ជកម្មប្រេងឆៅ និងការបញ្ជូនទំនិញសំខាន់ៗផ្សេងៗពីឈូងសមុទ្រក្នុងតំបន់ទៅក្រៅតំបន់ រួមទាំងឆ្លងកាត់ពីតំបន់អាស៊ីទៅអឺរ៉ុប ឬអាម៉េរិកជាដើម។
អ្វីដែលគួរឱ្យកត់សម្គាល់នៅថ្ងៃ ច័ន្ទ ទី៩ ខែមិនា តម្លៃប្រេងសកលបានហក់ឡើងយ៉ាងគំហុករហូតដល់ ១១០ ដុល្លារក្នុងមួយបារ៉ែល ដែលជាសញ្ញានៃការព្រួយបារម្ភកាន់តែខ្លាំងឡើងថា សង្គ្រាមនៅមជ្ឈិមបូព៌ានឹងបន្តប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល ហើយវាកាន់តែគួរឱ្យព្រួយបារម្ភថែមទៀតបន្ទាប់ពី អ៊ីរ៉ង គំរាមថានឹងធ្វើឱ្យប្រេងឡើងដល់កម្រិត ២០០ ដុល្លារក្នុងមួយបារ៉ែល៕


