រដ្ឋបាលខេត្ដកំពង់ធំ និងរដ្ឋបាលខេត្ដក្រចេះ បានធ្វើការព្រមានបិទ និងចាត់វិធានការច្បាប់ ចំពោះម្ចាស់ស្ថានីយប្រេងឥន្ទនៈទាំងឡាយណាដែលធ្វើការលក់តម្លើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតី ដែលផ្ទុយនឹងសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្ម។
១. រដ្ឋបាលខេត្ដក្រចេះ
យោងតាមសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះ ក្នុងករណីម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកបាយ និងអ្នកលក់រាយនៅតាមផ្ទះក្នុងខេត្ត អនុវត្តថ្លៃលក់តម្កើងថ្លៃខុសប្រក្រត្រី ដោយអនុវត្តផ្ទុយពីសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ របស់ក្រសួងពាណិជ្ជកម្ម ដែលជាការធ្វើវិទ្ធង្សនាសេដ្ឋកិច្ចជាតិ កម្លាំងសមត្ថកិច្ច និងផ្នែកជំនាញនឹងបិទ ការលក់ និងចែកចាយប្រេងឥន្ធនៈ ព្រមទាំងអនុវត្តតាមនីតិវីធីច្បាប់។
២. រដ្ឋបាលខេត្ដកំពង់ធំ
យោងតាមបណ្តាញសង្គមការងារផ្លូវការរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំមានវិធានការចំពោះជនឆក់ឱកាសមួយក្ដាប់តូចបានដំឡើងថ្លៃប្រេងឥន្ធនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។

អភិបាលខេត្តខាងលើ បានសរសេរថា «ដោយសង្កេតឃើញថា មានជនឆក់ឱកាសមួយក្តាប់តូចបានដំឡើងថ្លៃប្រេងឥន្ទនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងជនមួយចំនួនទៀតបានសម្រុកទៅទិញប្រេងឥន្ទនៈដើម្បីស្តុកទុក ដែលបានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ និងសណ្តាប់ធ្នាប់ល្អនៅក្នុងភូមិសាស្រ្តខេត្ត ខ្ញុំបានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ មន្ទីររ៉ែនិងថាមពល និងមន្ទីរពាណិជ្ជកម្ម បន្តតាមដាននូវភាពមិនប្រក្រតីនេះ ដែលក្នុងនោះ មានវិធានការចំនួន ២ ដែលត្រូវយកចិត្តទុកដាក់៖
ទី១. ម្ចាស់ស្ថានីយទាំងអស់ត្រូវបន្តបើកដំណើរការអាជីវកម្មចាក់ប្រេងជាធម្មតាជូនបងប្អូនប្រជាពលរដ្ឋដែលមានយានជំនិះផ្សេងៗ និងចូលរួមទប់ស្កាត់ជនឆ្លៀតឱកាសទាំងឡាយណា ដែលមកជាវប្រេងក្នុងទ្រង់ទ្រាយធំ ក្នុងគោលបំណងយកទៅស្តុកទុកដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ នៃការផ្គត់ផ្គង់ប្រេងជាប្រក្រតីនៅក្នុងខេត្ត។
ទី២. យកចិត្តទុកដាក់លើតម្លៃប្រេងដែលកំណត់ដោយស្ថានីយមួយចំនួន ក្នុងករណីរកឃើញថាស្ថានីយប្រេងឥន្ធនៈណាមួយបានកំណត់តម្លៃខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ស្ថានីយប្រេងឥន្ធនៈនោះនឹងត្រូវទទួលការព្រមាន និងអាចឈានទៅរកការបិទស្ថានីយប្រេងឥន្ធនៈនោះ ជាអចិន្ត្រៃយ៍ផងដែរ»៕




