ដំណឹងល្អ! ក្រុមហ៊ុន ២ នេះចាប់ដៃគ្នាបង្កើតសាកលវិទ្យាល័យអាកាសចរណ៍ដំបូងគេនៅកម្ពុជា
Bunthoeun Koem•OCTOBER 2 2026•505 views

កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុន World Citi Colleges International, Inc. (WCCI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតសាកលវិទ្យាល័យ WCC International Aero Tech University (WCC IATU) នៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះនឹងពង្រីកលទ្ធភាពទទួលបានការអប់រំផ្នែកអាកាសចរណ៍ឯកទេសនៅក្នុងប្រទេសកម្ពុជា ដោយរៀបចំនិស្សិតសម្រាប់អាជីពផ្នែកបច្ចេកទេស និងប្រតិបត្តិការនៅក្នុងវិស័យនេះ។

 

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន OCIC; លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC; និងលោក Raymond Patrick Guico នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន WCCI។

 

Photo 2026 10 02 10 36 31

 

តាមការបញ្ជាក់ នៅដំណាក់កាលដំបូង សាកលវិទ្យាល័យ «WCC IATU» នឹងផ្តល់ជូនកម្មវិធីថ្នាក់បរិញ្ញាបត្រចំនួន ៣ រួមមាន៖

 

•    បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិស្វកម្មថែទាំយន្តហោះ (Mechanical & Avionics)

•    បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍

•    បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងទេសចរណ៍ ជាមួយកម្មវិធីបណ្តុះបណ្តាលបុគ្គលិកបម្រើការលើយន្តហោះ (Flight Attendant)

 

កម្មវិធីសិក្សាទាំងនេះនឹងបណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពក្នុងការថែទាំយន្តហោះ និងប្រព័ន្ធអេឡិចត្រូនិករបស់យន្តហោះ សម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ និងគាំទ្រដល់ការផ្តល់សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ការបើកវគ្គសិក្សាទាំងនេះនៅរាជធានីភ្នំពេញ នឹងផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាទទួលបានការបណ្តុះបណ្តាលកម្រិតអន្តរជាតិ និងជំនាញឯកទេសដែរនៅក្នុងស្រុក។ នេះក៏នឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកបច្ចេកទេស និងវិស្វករកម្ពុជា ក្នុងការកសាងអាជីពក្នុងវិស័យអាកាសចរណ៍ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។

 

ក្នុងនោះនិស្សិតនឹងទទួលបានអត្ថប្រយោជន៍ពីបណ្តាញអន្តរជាតិដ៏រឹងមាំមួយ ដែលគ្របដណ្តប់លើតំបន់មជ្ឈិមបូព៌ា អាមេរិកខាងជើង អឺរ៉ុប អាស៊ីខាងជើង និងអូស្ត្រាលី។ យោងតាមក្រុមហ៊ុន Boeing នៅក្នុងចន្លោះឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៤៥ តំបន់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថានឹងត្រូវការអ្នកបើកបរយន្តហោះ អ្នកបច្ចេកទេសថែទាំ និងបុគ្គលិកបម្រើការលើយន្តហោះ (cabin crew) សរុបចំនួន ២៥៨,០០០នាក់ ខណៈដែលតម្រូវការសកលនឹងមានលើសពី ២,៤ លាននាក់។

 


ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «វិស័យអាកាសចរណ៍នាំមកនូវការជួបជុំគ្នានៃមនុស្សមកពីវិស័យជំនាញផ្សេងៗគ្នាជាច្រើន។ តាមរយៈភាពជាដៃគូជាមួយ WCCI យើងចង់បើកឱកាសឱ្យយុវជនកម្ពុជាកាន់តែច្រើនអាចចូលរួមក្នុងវិស័យនេះ និងប្រែក្លាយចំណង់ចំណូលចិត្តរបស់ពួកគេទៅជាអាជីពការងារ។»

 

ដោយឡែកលោក Raymond Patrick Guico នាយកប្រតិបត្តិ (CEO) របស់ WCCI បានមានប្រសាសន៍ថា៖ «សាកលវិទ្យាល័យថ្មីនេះនឹងផ្តល់ជូននិស្សិតកម្ពុជានូវការបណ្តុះបណ្តាលដ៏រឹងមាំលើជំនាញដែលពួកគេបានជ្រើសរើស ព្រមទាំងការយល់ដឹងច្បាស់លាស់អំពីអ្វីដែលវិស័យនេះត្រូវការ។ យើងចង់ជួយពួកគេឱ្យអភិវឌ្ឍជំនាញ និងទំនុកចិត្ត ដើម្បីកសាងអាជីពដ៏ល្អប្រសើរមួយនៅក្នុងវិស័យអាកាសចរណ៍។»

 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ៖ 077 977 735 ឬ hor.monyrath@ocic.com.kh ៕

 

Photo 2026 10 02 10 37 01

Photo 2026 10 02 10 36 39

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia