ខែឧសភា ឆ្នាំ២០២៦ ភ្នំពេញ – ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងធនាគារ កាណាឌីយ៉ា បានចុះហត្ថលេខាលើភាពជាដៃគូជាមួយក្រុមហ៊ុនហ្វាល់ខន (Falcon Tech) ដែលជាតំណាងចែកចាយដែលមានសិទ្ធិផ្តាច់មុខលើផលិតផល អ៊េបផល (Apple) នៅកម្ពុជា ដើម្បីសហការលើគំនិតផ្តួចផ្តើមគាំទ្រដល់ការអប់រំឌីជីថល ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អតិថិជន និងការប្រើប្រាស់បច្ចេកវិទ្យា របស់ក្រុមហ៊ុន Apple នៅទូទាំងក្រុមហ៊ុនកាណាឌីយ៉ាគ្រុប។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក Jean-Michel Ngo នាយកប្រតិបត្តិក្រុមហ៊ុន Falcon Tech លោក Dominic Mario Notario នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា និងលោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC។

ភាពជាដៃគូនេះនឹងគាំទ្រដល់កម្មវិធីអប់រំឌីជីថល និងសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យា Apple នៅតាមគ្រឹះស្ថានអប់រំរបស់ OCIC រួមមាន សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS), École Française Internationale, សាលាអន្តរជាតិនរា, សាកលវិទ្យាល័យ ខេមតិច និង Université Francophone d’Asie ដែលនឹងបើកសម្ពោធនាពេលខាងមុខ។

កិច្ចសហការនេះក៏នឹងពិចារណាលើការអភិវឌ្ឍមន្ទីរពិសោធន៍បច្ចេកវិទ្យា និងនវានុវត្តន៍នៅ ខនិកសិន កោះពេជ្រ (Connexion Koh Pich) ដែលផ្តល់ជូនសហគ្រិន ក្រុមហ៊ុនធុរកិច្ចថ្មី (Startups) និងធុរកិច្ចនានា នូវសិទ្ធិចូលប្រើប្រាស់ឧបករណ៍ឌីជីថលដែលដំណើរការដោយ Apple កន្លែងធ្វើការសហការ និងបរិយាកាសផ្តោតលើភាពច្នៃប្រឌិត។

បន្ថែមពីនេះ ភាគីពាក់ព័ន្ធទាំងអស់ក៏នឹងសិក្សាឱកាសក្នុងការលើកកម្ពស់ការចូលរួមរបស់អតិថិជន ពង្រីកការទទួលបានដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ផលិតផល និងសេវាកម្ម Apple និងគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងទូលំទូលាយនៅកម្ពុជា។
«យើងរីករាយក្នុងការសិក្សាស្វែងយល់ពីមធ្យោបាយដើម្បីគាំទ្រដល់ការប្រើប្រាស់ និងសេវាកម្មឌីជីថលផ្សេងៗ តាមរយៈភាពជាដៃគូជាមួយប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយរបស់ក្រុមហ៊ុន OCIC។ ចំណង់ចំណូលចិត្តរបស់កម្ពុជាចំពោះឧបករណ៍អេឡិចត្រូនិចកម្រិតខ្ពស់ បង្ហាញពីភាពច្បាស់លាស់អំពីអនាគតដែលខ្លួនកំពុងអភិវឌ្ឍ ដែលផ្តោតលើគុណភាព ការតភ្ជាប់ និងមហិច្ឆតា។» លោក Jean-Michel Ngo នាយកប្រតិបត្តិ Falcon Tech បានមានប្រសាសន៍។
លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានលើកឡើង៖ «ភាពជាដៃគូនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅមុខ ខណៈពេលដែលយើងបន្តស្វែងរកឱកាសតាមរយៈបច្ចេកវិទ្យា ជាពិសេសក្នុងវិស័យអប់រំ និងនវានុវត្តន៍។ ការអភិវឌ្ឍគំនិតផ្តួចផ្តើមនេះគឺជាសក្តានុពលខ្លាំងក្នុងការគាំទ្រដល់សិស្សានុសិស្ស សហគ្រិន និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជាបានកាន់តែប្រសើរឡើង។»
កិច្ចសហការនេះ ក៏អាចពង្រីកទៅកាន់ប្រព័ន្ធអេកូឡូស៊ីទូលំទូលាយរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ផងដែររួមទាំងគំនិតផ្តួចផ្តើមដែលដែលអាចភ្ជាប់ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ដូចជាធនាគារកាណាឌីយ៉ា និងធនាគារប្រៃសណីយ៍កម្ពុជា ក៏ដូចជាក្រុមហ៊ុន Canadia Impact Fund Co., Ltd. ដោយផ្តោតរួមគ្នាលើការគាំទ្រនវានុវត្តន៍ឌីជីថលនៅក្នុងប្រទេសកម្ពុជា។
«ភាពជាដៃគូយុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតតម្លៃដ៏មានអត្ថន័យដល់អតិថិជនរបស់យើង។ រួមគ្នាជាមួយ Falcon Tech យើងរីករាយក្នុងការសិក្សាឱកាសសហការបន្ថែមដើម្បីបង្កើនការចូលរួមរបស់អតិថិជន និងទំនុកចិត្តចំពោះម៉ាកយីហោតាមរយៈការផ្តល់ជូនពិសេស ការរួមបញ្ចូលផលិតផល និងដំណោះស្រាយហិរញ្ញវត្ថុដែលទាក់ទាញ។» លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា បានបន្ថែម។
តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន OCIC ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន Falcon Tech មានគោលបំណងចូលរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដែលធ្វើអោយប្រសើរឡើងនូវការប្រើប្រាស់បច្ចេកវិទ្យា ដំណោះស្រាយហិរញ្ញវត្ថុដែលផ្តោតលើអតិថិជន និងកិច្ចសហការឌីជីថលនៅទូទាំងវិស័យអប់រំ ធុរកិច្ច និងនវានុវត្តន៍។


