ក្រុមហ៊ុន អូស៊ីអាយស៊ី និង WCCI នឹងបង្កើតសាកលវិទ្យាល័យអាកាសចរណ៍ដំបូងគេនៅកម្ពុជា
Sreymom Cha•OCTOBER 2 2026•

ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ - ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន World Citi Colleges International, Inc. (WCCI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្កើតសាកលវិទ្យាល័យ WCC International Aero Tech University (WCC IATU) នៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះនឹងពង្រីកលទ្ធភាពទទួលបានការអប់រំផ្នែកអាកាសចរណ៍ឯកទេសនៅក្នុងប្រទេសកម្ពុជា ដោយរៀបចំនិស្សិតសម្រាប់អាជីពផ្នែកបច្ចេកទេស និងប្រតិបត្តិការនៅក្នុងវិស័យនេះ។

Photo 2026 10 02 10 36 54


កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន OCIC; លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC; និងលោក Raymond Patrick Guico នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន WCCI។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានរបស់ ឯកឧត្តម លី សុវណ្ណារិទ្ធ តំណាងលេខាធិការដ្ឋានរដ្ឋបាលអាកាសចរស៊ីវិល និងតំណាងស្ថានទូតកាណាដា ហ្វីលីពីន និងបារាំង។

Photo 2026 10 02 10 36 48


ការអប់រំផ្នែកអាកាសចរណ៍កាន់តែមកជិតសិស្សនិស្សិតកម្ពុជា


នៅដំណាក់កាលដំបូង សាកលវិទ្យាល័យ «WCC IATU» នឹងផ្តល់ជូនកម្មវិធីថ្នាក់បរិញ្ញាបត្រចំនួន ៣ រួមមាន៖
•    បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិស្វកម្មថែទាំយន្តហោះ (Mechanical & Avionics)
•    បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍
•    បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងទេសចរណ៍ ជាមួយកម្មវិធីបណ្តុះបណ្តាលបុគ្គលិកបម្រើការលើយន្តហោះ (Flight Attendant)


កម្មវិធីសិក្សាទាំងនេះនឹងបណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពក្នុងការថែទាំយន្តហោះ និងប្រព័ន្ធអេឡិចត្រូនិករបស់យន្តហោះ សម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ និងគាំទ្រដល់ការផ្តល់សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ការបើកវគ្គសិក្សាទាំងនេះនៅរាជធានីភ្នំពេញ នឹងផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាទទួលបានការបណ្តុះបណ្តាលកម្រិតអន្តរជាតិ និងជំនាញឯកទេសដែរនៅក្នុងស្រុក។ នេះក៏នឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកបច្ចេកទេស និងវិស្វករកម្ពុជា ក្នុងការកសាងអាជីពក្នុងវិស័យអាកាសចរណ៍ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។

Photo 2026 10 02 10 36 39


និស្សិតនឹងទទួលបានអត្ថប្រយោជន៍ពីបណ្តាញអន្តរជាតិដ៏រឹងមាំមួយ ដែលគ្របដណ្តប់លើតំបន់មជ្ឈិមបូព៌ា អាមេរិកខាងជើង អឺរ៉ុប អាស៊ីខាងជើង និងអូស្ត្រាលី។ យោងតាមក្រុមហ៊ុន Boeing នៅក្នុងចន្លោះឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៤៥ តំបន់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថានឹងត្រូវការអ្នកបើកបរយន្តហោះ អ្នកបច្ចេកទេសថែទាំ និងបុគ្គលិកបម្រើការលើយន្តហោះ (cabin crew) សរុបចំនួន ២៥៨,០០០នាក់ ខណៈដែលតម្រូវការសកលនឹងមានលើសពី ២,៤ លាននាក់។
ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «វិស័យអាកាសចរណ៍នាំមកនូវការជួបជុំគ្នានៃមនុស្សមកពីវិស័យជំនាញផ្សេងៗគ្នាជាច្រើន។ តាមរយៈភាពជាដៃគូជាមួយ WCCI យើងចង់បើកឱកាសឱ្យយុវជនកម្ពុជាកាន់តែច្រើនអាចចូលរួមក្នុងវិស័យនេះ និងប្រែក្លាយចំណង់ចំណូលចិត្តរបស់ពួកគេទៅជាអាជីពការងារ។»

Photo 2026 10 02 10 36 31


លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍៖ «ចក្ខុវិស័យរបស់យើងគឺបណ្តុះបណ្តាលអ្នកជំនាញផ្នែកអាកាសចរណ៍ជនជាតិកម្ពុជាឱ្យមានកម្រិតស្តង់ដារអន្តរជាតិ។ នេះជាមូលហេតុដែលយើងវិនិយោគលើការកសាងសមត្ថភាពក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍សម្រាប់យុវជនជំនាន់ក្រោយ។ ផ្អែកលើបទពិសោធន៍ការងាររបស់ខ្ញុំក្នុងវិស័យអាកាសចរណ៍ ខ្ញុំជឿជាក់យ៉ាងមុតមាំថា វិស្វករ និងអ្នកបច្ចេកទេសផ្នែកអាកាសចរណ៍របស់កម្ពុជា នឹងមានអនាគតល្អមួយទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។»


ការនាំយកបទពិសោធន៍អប់រំផ្នែកអាកាសចរណ៍ពីប្រទេសហ្វីលីពីនមកកាន់កម្ពុជា


WCCI គឺជាគ្រឹះស្ថានអប់រំផ្នែកអាកាសចរណ៍ឈានមុខគេមួយនៅក្នុងប្រទេសហ្វីលីពីន និងជាផ្នែកមួយនៃក្រុមហ៊ុន World Citi Group ដែលមានប្រវត្តិក្នុងវិស័យអប់រំតាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ។ សិស្សនិស្សិតជាង ១០០,០០០ នាក់បានបញ្ចប់ការសិក្សាពីគ្រឹះស្ថានអប់រំរបស់ក្រុមហ៊ុននេះ ហើយបច្ចុប្បន្នកំពុងបម្រើការងារទាំងនៅក្នុងប្រទេសហ្វីលីពីន និងនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។

 

លោក Raymond Patrick Guico នាយកប្រតិបត្តិ (CEO) របស់ WCCI បានមានប្រសាសន៍ថា៖ «សាកលវិទ្យាល័យថ្មីនេះនឹងផ្តល់ជូននិស្សិតកម្ពុជានូវការបណ្តុះបណ្តាលដ៏រឹងមាំលើជំនាញដែលពួកគេបានជ្រើសរើស ព្រមទាំងការយល់ដឹងច្បាស់លាស់អំពីអ្វីដែលវិស័យនេះត្រូវការ។ យើងចង់ជួយពួកគេឱ្យអភិវឌ្ឍជំនាញ និងទំនុកចិត្ត ដើម្បីកសាងអាជីពដ៏ល្អប្រសើរមួយនៅក្នុងវិស័យអាកាសចរណ៍។»


តាមរយៈភាពជាដៃគូនេះ WCCI នឹងនាំយកបទពិសោធន៍អប់រំផ្នែកអាកាសចរណ៍ពីប្រទេសហ្វីលីពីនមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្មវិធីសិក្សាឯកទេសរបស់ WCC IATU។ សាកលវិទ្យាល័យនេះនឹងរួមបញ្ចូលគ្នានូវជំនាញឯកទេសទាំងនេះ ជាមួយនឹងបទពិសោធន៍របស់ក្រុមហ៊ុន OCIC ក្នុងការអភិវឌ្ឍគ្រឹះស្ថានអប់រំ និងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា។
Press Contact


Press contact - Monyrath HOR hor.monyrath@ocic.com.kh 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia