ខែមិថុនា ឆ្នាំ 2026 ភ្នំពេញ – ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក បានអនុម័តការផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាមេរិកសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវយ៉ាងហ្មត់ចត់អស់រយៈពេលជាងពីរឆ្នាំ រួមមានការវាយតម្លៃលទ្ធភាពគម្រោង បច្ចេកទេស ប្រតិបត្តិការ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)។ ស្របតាមការអនុវត្តស្តង់ដារ ប្រតិបត្តិការនេះអាចនឹងឆ្លងកាត់ជំហានបន្ថែមមុនពេលការចាប់ផ្តើម និងការបិទបញ្ចប់ រួមទាំងដំណើរការជូនដំណឹងដល់សភាផងដែរ។

ការផ្តល់ហិរញ្ញប្បទាននេះតំណាងឱ្យការគាំទ្រយ៉ាងសំខាន់ដល់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការទទួលស្គាល់ដល់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក និងជាក្រុមហ៊ុនធំជាងគេមួយក្នុងចំណោមក្រុមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
សមិទ្ធផលដ៏សំខាន់នេះបានកសាងឡើងពីការចូលរួមអស់រយៈពេលជាច្រើនឆ្នាំរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) និងក្រុមហ៊ុន អូស៊ីអាយស៊ី OCIC ជាមួយស្ថាប័នអាមេរិក រួមទាំងស្ថានទូតអាមេរិក សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនអាមេរិកដូចជា General Electric, OTIS, Caterpillar, Ford និង Apple។ តាមរយៈគណៈប្រតិភូធុរកិច្ច និងការសន្ទនា ក្រុមហ៊ុនមួយនេះកំពុងធ្វើការដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់របស់កម្ពុជា។

លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ DFC ក្នុងនាមជាដៃគូក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ កិច្ចសហការនេះគឺជាការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ឆ្ពោះទៅរកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់កំណើន និងបង្កើនការតភ្ជាប់ជាមួយតំបន់ និងពិភពលោក។»
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន DFC បានបញ្ជាក់ថា៖ «ការវិនិយោគនេះនឹងគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេសកម្ពុជា និងលើកកម្ពស់ឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។ កិច្ចព្រមព្រៀងនេះគូសបញ្ជាក់ពីតួនាទីរបស់ DFC ក្នុងនាមជាដៃគូដែលមានសមត្ថភាពប្រើប្រាស់ដើមទុន ជំនាញ និងនវានុវត្តន៍ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។»
តាមរយៈការនាំយកស្ថាប័នកម្ពុជា និងសហរដ្ឋអាមេរិកមកគាំទ្រអាកាសយានដ្ឋានអន្តរជាតិតេជោ ការផ្តល់ហិរញ្ញប្បទាននេះជំរុញហេដ្ឋារចនាសម្ព័ន្ធដែលសម្រួលដល់ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ ខណៈពេលដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសកម្ពុជា៕



