វិស័យថែរក្សាសម្រស់នៅកម្ពុជាបានដើរទៅមុខមួយជំហានទៀតហើយ ដោយក្រុមហ៊ុន NOVIRA Distribution បានប្រកាសជាផ្លូវការក្នុងការនាំចូលនិងចែកចាយម៉ាស៊ីនថែរក្សាសម្ផស្សទំនើបៗលំដាប់ថ្នាក់ពិភពលោកចូលមកកាន់ប្រទេសកម្ពុជា ក្រោមកិច្ចសហការជាមួយគ្លីនិកល្បីៗជាច្រើន ដើម្បីនាំយកនូវបច្ចេកវិទ្យាថ្មីៗនិងទំនើប ព្រមទាំងគុណភាពផលិតផលថែរក្សាសម្រស់ដ៏ល្អឥតខ្ចោះជូនដល់អតិថិជនផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន NOVIRA Co., Ltd. បានប្រកាសសម្ពោធប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាជាផ្លូវការហើយ ដោយកម្មវិធីមួយនេះមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់លោកវេជ្ជបណ្ឌិត ម្ចាស់គ្លីនិក អ្នកជំនាញផ្នែកសម្រស់ និងអ្នកផ្តល់សេវាថែទាំសុខភាព ដៃគូអាជីវកម្ម អតិថិជន និងតំណាងសារព័ត៌មានជាង ១៥០ រូបផងដែរ។

កម្មវិធីមួយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរជាផ្លូវការនៃកិច្ចសហប្រតិបត្តិការដៃគូចែកចាយផ្តាច់មុខរវាងក្រុមហ៊ុន NOVIRA និងក្រុមហ៊ុន Inamed នៅកម្ពុជាដោយក្រុមហ៊ុនទាំងពីរនឹងចាប់ដៃគ្នានាំយកនូវបច្ចេកវិទ្យាទំនើបៗដើម្បីជាដំណោះស្រាយសម្រាប់ពេទ្យកែសម្ផស្សនៅក្នុងប្រទេសកម្ពុជា។


នៅក្នុងព្រឹត្តិការណ៍ដ៏អធិកអធមមួយនេះ លោក អ៊ុក សុវណ្ណវិចិត្រា ដែលជាអគ្គនាយកក្រុមហ៊ុន NOVIRA Distribution co., LTD បានបង្ហាញអារម្មណ៍យ៉ាងរំភើបថា សេវាថែរក្សាស្បែកនិងកែសម្ផស្សដ៏ល្អឯកគឺទាមទារនូវការផ្តល់នូវគុណតម្លៃជាច្រើនទៀតលើសពីផលិតផលនិងឧបករណ៍បរិក្ខារដែលមានគុណភាពល្អ ដូចជាតម្រូវឲ្យមានការបណ្តុះបណ្តាលត្រឹមត្រូវ ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាប្រចាំ ទំនុកចិត្តនិងការគាំទ្រដ៏រឹងមាំដែលមិនអាចខ្វះបាននេះហើយជាមូលហេតុចម្បងដែលយើងស្វែងរកដៃគូដែលមានទស្សនៈវិស័យនិងគោលដៅរួមគ្នា។

អគ្គនាយកក្រុមហ៊ុន NOVIRA Distribution co., LTD បានមានប្រសាសន៍បន្តទៀតថា NOVIRA មិនមែនគ្រាន់តែជាអ្នកចែកចាយនោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្រ្តសហការឈ្នះៗដែលត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់បណ្តាគ្លីនិកសើស្បែក និងថែរក្សាសម្ផស្សដែលនឹងផ្តល់ជូននូវផលិតផលនិងឧបករណ៍បរិក្ខារមានគុណភាពខ្ពស់ទំនើបទាន់សម័យជាទីបំផុត ដើម្បីដោះស្រាយបញ្ហាដ៏មានប្រសិទ្ធភាពហើយគុណតម្លៃស្នូលរបស់ NOVIRA គឺការកសាងទំនុកចិត្តនិងទំនាក់ទំនងយូរអង្វែងមិនមែនត្រឹមតែការទិញលក់ផលិតផលនិងឧបករណ៍នោះទេ។
លោកអគ្គនាយកក៏បានបន្ថែមទៀតថា ក្នុងនាមជាវេជ្ជបណ្ឌិតម្នាក់លើវិស័យកែសម្ផស្ស និងថែរក្សាស្បែក យើងបានយល់ច្បាស់ពីទំនួលខុសត្រូវ និងភាពប្រឈមនៃការដំណើរការគ្លីនិក ជាពិសេសការថ្លឹងថ្លែងរវាងតម្រូវការសុខភាពរបស់អតិថិជន និងលទ្ធភាពចំណាយរបស់ពួកគាត់ក្នុងការស្វែងរកផលិតផលនិងឧបករណ៍បរិក្ខារដែលមានគុណភាពនិងអាចទុកចិត្តបានក្នុងវិស័យនេះគឺជាការលំបាកបំផុតសម្រាប់យើងនាពេលកន្លងមក។ ហើយនេះក៏ជាហេតុផលដែលយើងបានសម្រេចចិត្តកសាងក្រុមហ៊ុន NOVIRA នេះឡើង រួមជាមួយនឹងការនាំយកឧបករណ៍ និងបរិក្ខារ INAMED ដ៏ល្បីឈ្មោះនៅលើពិភពលោកមកចែកចាយនៅកម្ពុជាផងដែរ។
ជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុន INAMED លោក Quan Nguyen ក៏បានលើកឡើងបន្ថែមថា ក្នុងនាមជាអ្នកតំណាងឲ្យក្រុមហ៊ុន ពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលបានមកចូលរួមប្រារព្ធពិធីអបអរសាទរកិច្ចសហប្រតិបត្តិការអាជីវកម្មជាផ្លូវការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជាគឺ NOVIRA ដើម្បីធានាថាអតិថិជនទទួលបាននូវឧបករណ៍ទំនើបៗជាន់ខ្ពស់ជាមួយនឹងសេវាកម្មល្អឥតខ្ចោះ ទាំងការបណ្តុះបណ្តាលផ្នែកគ្លីនិកការថែទាំក្រោយការលក់ និងការគាំទ្រផ្នែកទីផ្សារ។ គោលបំណងចម្បងរបស់យើងខ្ញុំ គឺចង់ឃើញ NOVIRA ទទួលបានជោគជ័យក្នុងការផ្តល់ជូននូវការព្យាបាលប្រកបដោយគុណភាពខ្ពស់បំផុតដល់អតិថិជនហើយក៏សង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ នឹងនាំមកនូវសេវាកម្មកាន់តែប្រសើរជាលំដាប់ និងបង្កើតបានជាទំនាក់ទំនងឈ្នះ-ឈ្នះរវាងយើងទាំងអស់គ្នា។

ក្រៅពីនោះ ក្រុមហ៊ុន NOVIRA ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយគ្លីនិកកែសម្ផស្សដែលពេញនិយមនៅក្នុងប្រទេសកម្ពុជាចំនួន ៤ រួមមាន ៖ N1st Clinic, PNV Skincare Center, BC Skin Clinic និង SC Esthetic Center សកម្មភាពទាំងនេះ បានសបញ្ជាក់ឲ្យយើងឃើញពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់ NOVIRA ក្នុងការសហការប្រកបដោយវិជ្ជាជីវៈ និងការលើកកម្ពស់វិស័យស្បែក និងការថែទាំសម្រស់នៅក្នុងប្រទេសកម្ពុជាផងដែរ។




អ្វីដែលកាន់តែពិសេស នៅក្នុងព្រឹត្តិការណ៍នេះក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ពីវាគ្មិនកិត្តិយសដ៏សំខាន់ៗគឺលោកវេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន NOVIRA និងអ្នកតំណាងក្រុមហ៊ុន INAMED ព្រមទាំងប្រកាសជាផ្លូវការនូវ Key Opinion Leader(KOL) របស់ NOVIRA គឺវេជ្ជបណ្ឌិត ឃុន សុភាវៈនារី ដែលជាវេជ្ជបណ្ឌិត និងជាបុគ្គលដ៏មានឥទ្ធិពលក្នុងវិស័យកែសម្ផស្ស និងថែរក្សាស្បែក ផងដែរ។

អំពីក្រុមហ៊ុន
ក្រុមហ៊ុន NOVIRA Co., Ltd គឺជាក្រុមហ៊ុនចែកចាយបច្ចេកវិទ្យា និងផលិតផលសើស្បែក សម្ផស្ស និងការថែទាំស្បែក ជាដៃគូសហការបស់គ្លីនិកថែរក្សាសម្ផស្សជាច្រើនកន្លែងទូទាំងប្រទេសកម្ពុជាផងដែរ។ NOVIRA ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចែកចាយផលិតផលនិងបច្ចេកវិទ្យាទំនើបៗ ព្រមទាំងគាំទ្រដល់អ្នកជំនាញថែទាំស្បែក តាមរយៈការផ្តល់ចំណេះដឹងអំពីផលិតផល ការបណ្តុះបណ្តាល និងកិច្ចសហការប្រកបដោយវិជ្ជាជីវៈថែមទៀតផង។
គួរជម្រាបថា វត្តមានផ្លូវការរបស់ NOVIRA នៅកម្ពុជា មិនត្រឹមតែជាពិធីអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាជំហានថ្មីលើវិស័យសោភ័ណភាព និងការនាំយកបច្ចេកវិទ្យាទំនើបៗ ព្រមទាំងដំណោះស្រាយវេជ្ជសាស្ត្រដែលមានការទទួលស្គាល់ច្បាស់លាស់ ជូនដល់អ្នកជំនាញថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជាផងដែរ៕



