ធៀបការប្រហារប្រាក់ខែ! ប្រើស្នៀតធំ១នេះ ទោះធៀបការសម្រុកចូលដូចទឹកបាក់ទំនក់ ក៏មិនស្វិតក្រពះចុងខែ
Kan DaraNOVEMBER 22 2023713 views

ជាការពិត បច្ចុប្បន្នមានការត្អូញត្អែរស្ទើរគ្រាប់មាត់ ជុំវិញការចំណាយយ៉ាងច្រើនលើកាតព្វកិច្ចសង្គមដូចជា អាពាហ៍ពិពាហ៍​ ពិធីឡើងគេហដ្ឋាន ខួបកំណើត និងពិធីបុណ្យផ្សេងៗជាច្រើនទៀត ហើយនេះគឺជាបន្ទុកធ្ងន់ចំពោះបុគ្គលឬគ្រួសារដែលមានប្រាក់ចំណូលទាប សូម្បីអ្នកខ្លះមានចំណូលគួរសមក៏នៅតែត្អូញត្អែរអំពីបញ្ហានេះដែរពីព្រោះថា ការចំណាយទៅលើពិធីទាំងនោះវាច្រើនហួសហេតុ អីចឹងហើយបានជាមាន ពាក្យមួយដែលគេតំណាលគ្នានិយាយលេងសើចប៉ុន្តែជាកាពិតគឺថា «ធៀបការប្រហារប្រាក់ខែ»«ធៀបការប្រហារបាយព្រឹក»។ ចុះបើធៀបការសម្រុកចូលមកដូចទឹកបាក់ទំនប់ តើត្រូវដោះស្រាយយ៉ាងដូចម្តេច? នេះគឺជាចំណោទដ៏ធំមួយរបស់ប្រជាជនខ្មែរភាគច្រើន។

 

ម៉ោះ! អ្នក​ជួប​វិបត្តិ​ធៀប​ការ​សម្រុក​ចូល​ដូច​ទឹកបាក់​ទំនប់​ទាំង​ទ្បាយអើយ​ ​កុំឲ្យ​ពិបាក​ចិត្ត​​និង​ដាក់សម្ពាធ​ខ្លួនឯងតទៅទៀត មានក្បាច់មួយជួយសម្រាលនិងកាត់បន្ថយការចំណាយបានច្រើនគួរសមកុំឲ្យធៀបការប្រហារបាយព្រឹកញឹកទៀតនោះគឺ ពិចារណា​លើ​ប្រភព​អ្នក​ហៅ​ធៀប​ការ។ យើង​អាច​សួរ​ខ្លួនឯង​ថា​តើ​អ្នកនោះ​សំខាន់​ចំពោះ​យើង​ទេ? មាន​ទំនាក់ទំនង​កម្រិត​ណា? ឬ​ស្គាល់​គ្នា​តែ​ពេល​ចង់​ហៅ​ការ? បើ​ដូច្នេះ​គឺ​មាន​ន័យ​ថា​គេ​ហៅ​ឲ្យតែ​បានៗ​គួរ​ដាច់ចិត្ត​ខ្លះ​ហើយ​កាត់បន្ថយ​ការ​ចូលរួម​តែម្ដង។

 

ធ្វើបែបនេះតិចលោអាត្មានិយមពេកទេដឹង? អាចនឹងមិនអាត្មានិយមពេកទេ ព្រោះពុំមែនគ្រប់កម្មវិធីទាំងអស់ដែលបានអញ្ជើញយើង យើងដាច់ខាត់ត្រូវតែទៅឲ្យខានតែបានឡើយ បើអាចទៅបានគឺជារឿងប្រសើរ ប៉ុន្តែធ្វើម៉េចបើទឹកដល់ច្រមុះរត់មិនរួច មានតែបង្ខំចិត្តកាត់ចោលខ្លះ រកមើលថាតើប្រភពនោះអាចកាត់បានគួរកាត់សិន ប្រភពណាមិនសំខាន់ចាំបាច់ខ្លាំងក៏គួរទុកមួយឡែកសិនចុះ បើនៅរឹងទទឹងប្រឹងទាំងទទឹងទិសចង់ទៅទាំងអស់បើទោះប្រភពមិនចាំបាច់ទាល់តែសោះ ចុងក្រោយច្បាស់លំបាកខ្លួនមិនខាន។ ជួយខ្លួនឯងឲ្យរស់សិន ត្បិតឥឡូវជីវភាពកំពុងច្របាច់ក…

 

នៅក្នុងបទសម្ភាសន៍ជាមួយបុរសវ័យពេញកម្លាំង ពេជ្រ សីហា ដែលជាបុគ្គលិកក្នុងស្ថាប័នឯកជនមួយលើទឹកដីរាជធានីភ្នំពេញ លោកបានថ្លែងទាំងទឹកមុខសើចញឹមៗទាំងហួសចិត្តថា៖ «រាល់ថ្ងៃនេះគេប្រាប់ការដល់កហើយ រកប្រាក់ ចងដៃការគេមិនបាននោះទេ។ ចូលដល់ ខែវិចិ្ចកា និង ខែធ្នូ គិតត្រួសៗគេហុចទាំងសំបុត្រការ បុណ្យ និងឡើងផ្ទះ  សរុបទៅបួនសំបុត្រហើយ»។

 

បុរសមាឌដំបង សំបុលសណ្តែកបាយរូបនេះបានបន្តទៀតថា៖ «ចំណងដៃការនៅកន្លែងខ្ញុំនេះគឺគេចងដៃតែពី ២០-២៥ដុល្លារប៉ុណ្ណោះ ពីព្រោះគេច្រើនតែហូបនៅផ្ទះ។ បើហូបនៅហាងមិនមាន ៣០-៣៥ដុល្លារ គឺមិនអាចទៅកើតនោះទេ។ ដូច្នេះជីវភាពខ្ញុំរាល់ថ្ងៃនេះបើមានគេប្រាប់ការតែ៤ឬ៥រោងប្រាកដជាពិបាកខ្លាំង។ មានពេលខ្លះដល់ពេលគេប្រាប់ការ និងបុណ្យច្រើនពេកទាល់តែទៅខ្ចីបុលប្រាក់គេដើម្បីយកទៅចងដៃការគេ មានកម្មវិធីខ្លះបើយើងមិនទៅដូចជាមិនកើតពីព្រោះសុទ្ធតែជាមនុស្សរាប់អានគ្នា បើស្គាល់គ្នាប្រឿងៗគឺមិនទៅនោះទេ មានចោលខ្លះហើយ»៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia