សាលាអន្តរជាតិណតប្រ៊ីដកម្ពុជាអបអរសាទរលទ្ធផលដ៏ឆ្នើមនៃការប្រឡងសញ្ញាបត្រ IBDP ប្រចាំឆ្នាំ ២០២៦
Bunthoeun KoemJULY 9 2026

សាលាអន្តរជាតិណតប្រ៊ីដកម្ពុជាពិតជាមានមោទនភាពក្រៃលែងចំពោះសមិទ្ធផលរបស់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សានៅថ្នាក់ទី១២ ក្នុងជំនាន់ដែលមានចំនួនសិស្សច្រើនបំផុតមិនធ្លាប់មាន។ លទ្ធផលនៃការប្រឡងសញ្ញាបត្រអន្តរជាតិ International Baccalaureate Diploma Programme (IBDP) ប្រចាំឆ្នាំ ២០២៦ នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពអត់ធ្មត់ ការប្ដេជ្ញាចិត្ត និងមហិច្ឆតាខ្ពស់ ដែលជាអត្តសញ្ញាណដ៏រឹងមាំនៃសហគមន៍ណតប្រ៊ីដ​ទាំងមូល។

 

Photo 2026 07 09 10 35 11

 

នាឆ្នាំនេះ សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាទទួលបានពិន្ទុមធ្យមភាគរហូតដល់ ៣២.៥ ពិន្ទុ ដែលខ្ពស់ជាងពិន្ទុមធ្យមភាគពិភពលោក (៣០.៨៨ ពិន្ទុ) ក្នុងនោះមាន ៧២% នៃបេក្ខជនទាំងអស់ទទួលបានពិន្ទុខ្ពស់ជាងមធ្យមភាគពិភពលោក។ លើសពីនេះ ពិន្ទុខ្ពស់បំផុតដែលសិស្សរបស់យើងសម្រេចបានគឺរហូតដល់ ៤៣ លើ ៤៥ ពិន្ទុ ដែលជាលទ្ធផលដ៏គួរឱ្យកោតសរសើរ។

 

សមិទ្ធផលលេចធ្លោរបស់សិស្សានុសិស្សជំនាន់ឆ្នាំ ២០២៦

 

  • ពិន្ទុមធ្យមភាគ៖ ៣២.៥ ពិន្ទុ (មធ្យមភាគពិភពលោក៖ ៣០.៨៨ ពិន្ទុ)
  • ៧២% នៃសិស្សទាំងអស់ទទួលបានពិន្ទុខ្ពស់ជាងមធ្យមភាគពិភពលោក
  • ២៣% នៃសិស្សទាំងអស់សម្រេចបានពិន្ទុចាប់ពី ៣៦ ដល់ ៣៩ ពិន្ទុ
  • ពិន្ទុខ្ពស់បំផុត៖ ៤៣ លើ ៤៥ ពិន្ទុ


Photo 2026 07 09 10 35 29

 

ក្រៅពីភាពជោគជ័យផ្នែកការសិក្សា សិស្សានុសិស្សជំនាន់ឆ្នាំ ២០២៦ ក៏ទទួលបានការផ្ដល់ឱកាសសិក្សាបន្តជិត ៣០០ កន្លែងពីសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក រួមទាំងអាហារូបករណ៍ និងកញ្ចប់ឧបត្ថម្ភដែលមានទំហំទឹកប្រាក់សរុបជាង​ ២ លានដុល្លារអាមេរិក

 

លទ្ធផលទាំងនេះបានបង្ហាញពីជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់សិស្សជំនាន់ឆ្នាំ ២០២៦ ទាំងមូល។ ជិតមួយភាគបួននៃសិស្សដែលបានបញ្ចប់ការសិក្សាទទួលបានពិន្ទុចន្លោះពី ៣៦ ដល់ ៣៩​ ពិន្ទុ ជាកម្រិតមួយដែលស្តែងឱ្យឃើញពីសមត្ថភាពសិក្សាដ៏រឹងមាំ និងជាគុណសម្បតិ្តខ្ពស់មួយសម្រាប់សិស្សក្នុងការប្រកួតប្រជែងចូលរៀននៅសាកលវិទ្យាល័យនានាលើពិភពលោក។ គួបផ្សំនឹងពិន្ទុខ្ពស់បំផុត ៤៣ លើ ៤៥ និងពិន្ទុមធ្យមភាគដែលខ្ពស់ជាងស្តង់ដារពិភពលោក លទ្ធផលនេះបានបង្ហាញទាំងភាពឆ្នើមលេចធ្លោ និងសមត្ថភាពដ៏រឹងមាំជារួមរបស់សិស្សានុសិស្សយើង។

 

Photo 2026 07 09 10 35 04

 

អ្នកស្រី Tara Hirshall នាយិកាផ្នែកមធ្យមសិក្សា បានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះភាពជោគជ័យដែលសិស្សានុសិស្សជំនាន់ឆ្នាំ ២០២៦ របស់យើងសម្រេចបាន។ ក្នុងនាមជាក្រុមសិស្សបញ្ចប់ការសិក្សាដែលមានចំនួនច្រើនបំផុតរហូតមកដល់បច្ចុប្បន្ន លទ្ធផលទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីសមិទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពអត់ធ្មត់ ការប្ដេជ្ញាចិត្ត និងបុគ្គលិកលក្ខណៈដែលសិស្សរបស់យើងបានបង្ហាញពេញមួយដំណើរការសិក្សានៃកម្មវិធី IB នេះ។ យើងពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានឃើញការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានទទួលស្គាល់ តាមរយៈការផ្ដល់កន្លែងសិក្សាបន្តពីសាកលវិទ្យាល័យជិត ៣០០ កន្លែង និងអាហារូបករណ៍ជាង ២ លានដុល្លារអាមេរិក។ យើងទន្ទឹងរង់ចាំតាមដានដំណើរដ៏គួរឱ្យរំភើបដែលកំពុងរង់ចាំពួកគេនៅខាងមុខ ខណៈដែលយុវជនឆ្នើមទាំងនេះបន្តការសិក្សា ដេញតាមក្តីស្រមៃ និងបង្កើតឥទ្ធិពលវិជ្ជមានដល់ពិភពលោក។»

 

សាលាសូមអបអរសាទរសិស្សបញ្ចប់ការសិក្សាជំនាន់ឆ្នាំ២០២៦ ចំពោះសមិទ្ធផលដ៏អស្ចារ្យទាំងនេះ និងទន្ទឹងរង់ចាំឃើញឥទ្ធិពលវិជ្ជមានដែលពួកគេនឹងបង្កើតនៅតាមសាកលវិទ្យាល័យឈានមុខគេ និងក្នុងអនាគតរបស់ពួកគេ។ ភាពអត់ធ្មត់ ការតស៊ូ និងមហិច្ឆតារបស់ប្អូនៗបាននាំមកនូវមោទនភាពដល់សហគមន៍ណតប្រ៊ីដទាំងមូល។

 

Photo 2026 07 09 10 35 17

 

ដើម្បីស្វែងយល់បន្ថែមអំពីសាលា ឬណាត់ជួបធ្វើទស្សនកិច្ចសាលា សូមចូលទៅកាន់គេហទំព័រ nordangliaeducation.com/nisc-cambodia

 

អំពី NISC សាលាអន្តរជាតិណតប្រ៊ីដកម្ពុជា (NISC) គឺជាសាលាអន្តរជាតិឈានមុខគេមួយក្នុងរាជធានីភ្នំពេញ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ និងផ្តោតលើការអភិវឌ្ឍសិស្សគ្រប់ផ្នែកដល់សិស្សានុសិស្សមកពីមជ្ឈដ្ឋានចម្រុះ។​​​​ សាលាអន្តរជាតិណតប្រ៊ីដ ប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពឆ្នើមផ្នែកការសិក្សា ការលូតលាស់របស់បុគ្គលម្នាក់ៗ និងការក្លាយជាពលរដ្ឋសកល តាមរយៈកម្មវិធីសិក្សា IB ដ៏ទូលំទូលាយ ព្រមទាំងសកម្មភាពក្រៅម៉ោងសិក្សាដ៏សម្បូរបែប។

 

សាលាអន្តរជាតិណតប្រ៊ីដ គឺជាសមាជិករបស់ស្ថាប័ន Nord Anglia ដែលរួមមានសាលារៀនចំណេះដឹងទូទៅជាង ៨០ សាលា នៅក្នុង ៣៣ ប្រទេស ទូទាំងពិភពលោក ដោយផ្តល់ការអប់រំដល់សិស្សានុសិស្សជាង ៩០,០០០ នាក់ ចាប់ពីអាយុ ២ ឆ្នាំ ដល់ ១៨ ឆ្នាំ៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia