ក្រសួងសុខាភិបាល បង្ហាញពីរោគសញ្ញា និងរបៀបបង្ការជំងឺ Nipah
Bunthoeun KoemJANUARY 25 2026939 views

ជំងឺនីប៉ាហ៍ (Nipah)គឺ ជាជំងឺបង្កឡើងដោយវីរុសនីបាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វប្រឹង និងអាចឆ្លងមក មនុស្ស និងជ្រូក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមទឹកសរីរាង្គ របស់មនុស្ស និងមានអត្រាស្លាប់ចន្លោះពី៤០ភាគរយទៅ៧០ភាគរយ។ វីរុសនេះរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅ ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បណ្តាលឱ្យមនុស្ស១០០នាក់បានស្លាប់ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣០០ នាក់។ ប៉ុន្តែបន្ទាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន មិនមានការផ្ទុះឡើងជាថ្មីត្រូវបានគេរាយការណ៍ពីប្រទេស ម៉ាឡេស៊ីទៀតទេ។ វីរុសត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែសនិងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០០១ និងមានការ ផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែសនិងភាគខាងកើតប្រទេសឥណ្ឌានៅចន្លោះពេលទៀងទាត់។

 

តាមការបញ្ជាក់ពីក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ប្រទេសកម្ពុជានៅមិនទាន់រកឃើញមានវីរុសនីប៉ាហ៍នៅលើមនុស្សនៅឡើយ និងធ្លាប់រកឃើញលើសត្វប្រចៀវ។ យ៉ាងណាក្រសួងក៏បានបង្ហាញពី របៀបចម្លង រោគសញ្ញា និងរៀបបង្ការធំងឺនេះផងដែរ។ 

 

·         របៀបចម្លង

 

-សត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍ ចម្លងវីរុសទៅ សត្វជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជា ឈាម លាមកឬទឹកនោមនៃសត្វទាំងនេះ។

-ការទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍ចូលក្នុងនោះ ។

-មនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍

-ការប៉ះពាល់ផ្ទាល់ ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹកមាត់ ទឹកសំបោរ ឬតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ឬច្រមុះ ។

 

·         រោគសញ្ញា

 

-បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា ហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និង រលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និងអាចស្លាប់។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូតដល់ចាប់ផ្តើមមានរោគសញ្ញា គឺ មានចន្លោះពី ៤ថ្ងៃ ទៅ ១៤ ថ្ងៃ តែអាចរហូតដល់ ៤៥ ថ្ងៃ រោគសញ្ញារួមមាន៖ គ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅពេលដែលខួរក្បាលហើម ធ្វើឱ្យ វិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង ២៤-៤៨ ម៉ោង ដែលជារោគសញ្ញាទាក់ទងនិងប្រព័ន្ធប្រសាទ។

-បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវ តែងមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរ បន្ទាប់ពីជាសះស្បើយក្នុងនោះ ២០% នៃអ្នកជំងឺមានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូចឈឺឡើងវិញ ឬវិវត្តន៍ទៅជាមានជំងឺរលាកខួរក្បាលជាថ្មី។

-បច្ចុប្បន្ននេះមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាហ៍ មានតែការព្យាបាលថែទាំគាំទ្រទៅតាមផលវិបាកនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនិងប្រព័ន្ធប្រសាទ ប៉ុណ្ណោះ។

 

·         របៀបបង្ការ៖

 

-លាងសម្អាតដៃ និងរក្សាអនាម័យក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ជាប្រចាំ ជាមួយនឹងសាប៊ូ

-ចៀសវាងប៉ះពាល់ជាមួយ សត្វប្រចៀវ សត្វប្រឹង ឬជ្រូកឈឺ

-បើមានការសង្ស័យថាមានការផ្ទុះឡើងកន្លែងសត្វគួរតែត្រូវបានដាក់ឱ្យនៅដាច់ពីគេជាបន្ទាន់។ ការ សម្លាប់សត្វដែលឆ្លងវីរុសត្រូវអនុវត្តវិធីកប់ ឬដុតសាកសពឱ្យត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃ ការឆ្លងដល់មនុស្ស។ ហាមផ្លាស់ទីសត្វពីកសិដ្ឋានដែលមានវីរុសទៅកាន់តំបន់ផ្សេងទៀត ។

- កុំឱ្យសត្វប្រចៀវអាចប៉ះជាមួយបំពង់សម្រាប់ត្រងទឹកត្នោតនិងផលិតផលអាហារស្រស់ផ្សេងទៀត។ ទឹកត្នោតដែលទើបប្រមូលបានថ្មីៗគួរដាំឱ្យពុះ

-លាងសម្អាតផ្លែឈើ និងបកសំបកមុនពេលទទួលទាន ផ្លែឈើដែលមានសញ្ញាថាសត្វប្រចៀវាបោះ ឬស៊ី ត្រូវបោះចោល។

-ពាក់ស្រោមដៃ និងសម្លៀកបំពាក់ការពារ ខណៈពេលកាន់សត្វឈឺ ឬទឹកសរីរាង្គ របស់វា និងក្នុង អំឡុងពេលនៃការសម្លាប់ និងការកំទេចចោល

-កុំប៉ះផ្ទាល់ជាមួយអ្នកឆ្លងវីរុសនីប៉ាហ៍។ លាងសម្អាតដៃជាប្រចាំបន្ទាប់ពីការថែទាំឬសួរសុខទុក្ខអ្នកជំងឺ

-បុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានការឆ្លង ត្រូវអនុវត្តការ ប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា។

-ការប្រមូលសំណាកពីមនុស្ស និងសត្វ ដែលមានការសង្ស័យថាមានការឆ្លងវីរុសនីប៉ាហ៍ ត្រូវអនុវត្ត ដោយបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលនិងពាក់សម្ភារការពារខ្លួន៕

 

622214100 1322702549886505 4632007304980301612 N

621818242 1322702553219838 721911166527690485 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia