គម្រោងវិនិយោគថ្មីៗចំនួន ៩ ដែលមានទុនវិនិយោគសរុប ៤២៣ លានដុល្លារ បានបោះទីតាំងនៅក្នុងរាជធានី/ខេត្ដចំនួន ៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្ដស្វាយរៀង។ ខណៈគម្រោងនេះអាចបង្កើតឱកាសការងារប្រមាណ ៥ ពាន់កន្លែងជូនពលរដ្ឋនៅក្នុងតំបន់។
យោងតាមការចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងខាងលើនេះមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៧គម្រោង រួមមាន៖ ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក បរិក្ខារអគ្គិសនីនិងបរិក្ខារអគ្គិសនីបំភ្លឺ, ផលិតប្រដាប់ព្យួរសម្លៀកបំពាក់, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ (បុណ្យណូអែលនិងបុណ្យ Halloween) និងវត្ថុអនុស្សាវរីយ៍, ជ្រលក់ពណ៌, ផ្គុំដំឡើងម៉ូតូ, ផលិតក្តារបន្ទះ និងផលិតក្រដាស, វិស័យទេសចរណ៍ចំនួន១គម្រោង៖ សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១.៣៤១បន្ទប់, និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ បង្កើតកសិដ្ឋានបណ្តុះមេផ្សិតនិងផ្សិតគ្រប់ប្រភេទ និងវេចខ្ចប់កសិផល (ផ្សិត)។

យ៉ាងណានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី២ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគទាំង ៩ នេះផងដែរ។ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ៕




