ប្រយ័ត្នផង! ក្រសួងព្រមានពីល្បិចបោកថ្មី អ្នកប្រើហ្វេសប៊ុក Tik Tokនិងត្រឡេក្រាមត្រូវដឹង បើមិនចង់អស់លុយពីកុង
Toeuy HongAUGUST 16 20267 views

កាលពីពេលថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជូនដំណឹងឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការឆបោកថ្មីមួយគឺក្រោមរូបភាព” មើលវីដេអូដើម្បីទទួលបានប្រាក់”។

 

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយតាមរយៈ Facebook, TikTok និងបណ្ដាញសង្គមផ្សេងៗដែលអះអាងថា លោកអ្នកអាចទទួលបានទឹកប្រាក់ដោយគ្រាន់តែមើលវីដេអូ ឬបំពេញតាមការណែនាំ។

 

ជនខិលខូចអាចប្រើប្រាស់ការផ្សព្វផ្សាយទាំងនេះ ក្នុងបំណងទាក់ទាញឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ ចូលរួមក្រុម (Join group) ទាក់ទងទៅគណនីណាមួយ ឬអនុវត្តតាមការណែនាំផ្សេងៗ ដោយបញ្ចូលព័ត៌មានគណនីធនាគារដើម្បីទទួលបានប្រាក់។

 

 បន្ទាប់មក ជនខិលខូចអាចណែនាំឱ្យជនរងគ្រោះទាញយក ឬដំឡើងកម្មវិធីមេរោគ (Malware) ណាមួយ ដែលអាចមានសិទ្ធិគ្រប់គ្រងមុខងារមួយចំនួននៅលើទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកប្រើប្រាស់ និងអាចលួចព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគណនីធនាគារ លេខកូដ OTP លេខសម្ងាត់ (PIN) និងពាក្យសម្ងាត់(Password) ជនខិលខូចអាចប្រើប្រាស់ព័ត៌មាន ឬសិទ្ធិទាំងនោះ ដើម្បីលួចប្រាក់ ឬធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយគ្មានការអនុញ្ញាតពីម្ចាស់គណនី ដែលអាចបណ្ដាលឱ្យជនរងគ្រោះបាត់បង់ប្រាក់ពីគណនីដោយមិនដឹងខ្លួន

 

ដើម្បីការពារខ្លួនពីហានិភ័យខាងលើសូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖

- ត្រូវមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។

- ត្រូវអាន និងពិនិត្យសិទ្ធិដែលកម្មវិធីស្នើសុំឱ្យបានច្បាស់លាស់មុនពេលចុច យល់ព្រមអនុញ្ញាត

- កុំចុចលើតំណភ្ជាប់ ឬទាញយក និងដំឡើងកម្មវិធី ឬអនុវត្តតាមការណែនាំណាមួយ តាមរយៈការផ្សព្វផ្សាយ ពីប្រភពមិនច្បាស់លាស់។

- កុំភ្ជាប់គណនីធនាគារ ជាមួយកម្មវិធីដែលមិនគួរឱ្យទុកចិត្ត ឬមិនស្គាល់ប្រភព។

- កុំផ្តល់ព័ត៌មានសម្ងាត់ ដូចជាលេខសម្ងាត់ (PIN) ,លេខកូដ OTP ពាក្យសម្ងាត់ (Password) ឬព័ត៌មានគណនីធនាគារ តាមការស្នើសុំរបស់កម្មវិធី ឬជនមិនស្គាល់

ប្រសិនបើលោកអ្នកបានទាញយក ឬដំឡើងកម្មវិធីដែលគួរឱ្យសង្ស័យ សូមអនុវត្តវិធានដូចខាងក្រោម៖

- ទាក់ទងទៅកាន់ធនាគារភ្លាមៗ ដើម្បីបិទ ឬបង្កកគណនី ឬកាតរបស់អ្នក។

- រាយការណ៍ទៅកាន់អង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti-Cyber Crime) ដើម្បីចាត់វិធានការស៊ើបអង្កេត និងស្វែងរកដំណោះស្រាយជូនជនរងគ្រោះ។

- លុបកម្មវិធី (App) APK ចេញពីទូរស័ព្ទ ឬឧបករណ៍របស់អ្នកភ្លាមៗ។

- រក្សាទុកភស្តុតាង ដូចជា Screenshot, ឈ្មោះកម្មវិធី (App)APK និងប្រវត្តិប្រតិបត្តិការទាំងអស់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយដែលទទួលបានពីជនខិលខូច ព្រមទាំងចៀសវាងការអនុវត្តតាមការណែនាំ ឬការទាញយក និងដំឡើងកម្មវិធីពីប្រភពដែលមិនអាចផ្ទៀងផ្ទាត់បាន៕ 

Stg

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia