កំណាត់ផ្លូវចំនួន ៣ ខ្សែរួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្ត៣៧៧A ដែលមានទីតាំងស្ថិតនៅខេត្តក្រចេះ នឹងត្រូវបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ២៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ខាងមុខនេះហើយ ក្រោយការសាងសង់បានបញ្ចប់រួចរាល់។
យោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្ត៣៧៧A ស្ថិតនៅខេត្តក្រចេះ ក្រោមឥណទានសម្បទានពីធនគារពិភពលោក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ ។
កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យបន្ថែមទៅលើវឌ្ឍនភាពការងារ នៃការរៀបចំរបស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន ដើម្បីពន្លឿនការងារពាក់ព័ន្ធឱ្យបានរួចរាល់ សំដៅធានាធ្វើយ៉ាងណាឱ្យដំណើរការរៀបចំពិធីសម្ពោធនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុក។
សូមបញ្ជាក់ជូនថា កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្ត៣៧៧A ប្រវែងសរុប ៩៨,៤០ គីឡូម៉ែត្រ គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


