រដ្ឋនឹងសាងសង់ផ្លូវ ២ ខ្សែប្រវែងជាតិ ៣០០ ម៉ែត្រ តភ្ជាប់តំបន់ទាំងនេះ
Bunthoeun Koem•OCTOBER 5 2026•24 views

ដើម្បីតភ្ជាប់សេដ្ឋកិច្ច និងសម្រួលការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនទំនិញ ឲ្យកាន់តែមានភាពងាយស្រួលជាងមុន រាជរដ្ឋាភិបាលនឹងធ្វើការសាងសង់ផ្លូវចំនួន ២ ខ្សែ គឺផ្លូវជាតិលេខ ៨ និងផ្លូវតភ្ជាប់តភ្ជាប់ពីផ្លូវជាតិលេខ៥៣(ទឹកផុស) ដល់ផ្លូវជាតិលេខ៣ និងចាប់ពីផ្លូវជាតិលេខ៤(ក្រុងច្បារមន) ដល់កោះខ្សាច់ទន្លា។

 

១. ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៣, ៣, ៤,

 

រាជរដ្ឋាភិបាលនឹងធ្វើការសាងសង់ផ្លូវថ្មីមួយខ្សែ ប្រវែងសរុប ១៦៨,២០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥៣(ទឹកផុស) ដល់ផ្លូវជាតិលេខ៣ និងចាប់ពីផ្លូវជាតិលេខ៤(ក្រុងច្បារមន) ដល់កោះខ្សាច់ទន្លា នៃភូមិសាស្ដ្រខេត្ដកណ្ដាល ខណៈបច្ចុប្បន្នក្រុមការងារសាងសង់កំពុងចុះសិក្សាទីតាំង។ នេះបើយោងតាមការចេញផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន។ 

 

ជាក់ស្ដែងកាលពីទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នូ វឌ្ឍនៈ អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង តំណាង ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល(Central Regional Road Connectivity Project) បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវក្នុងគម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយកគម្រោង ឯកឧត្តម លោក លោកស្រី សមាជិក-សមាជិកាគម្រោង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងមានការចូលរួមពីលោកស្រី Jaishree Jindel តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសផងដែរ។

 

បេសកកម្មនេះ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យស្ថានភាពខ្សែផ្លូវដែលមានស្រាប់ និងជាពិសេសតម្រាយផ្លូវថ្មី ដែលក្រុមការងារបច្ចេកទេសបានសិក្សា និងស្នើឡើងក្នុងការពង្វាងទីប្រជុំជន និងតភ្ជាប់ទៅផ្លូវដែលមានស្រាប់ ដែលជាជំហានដ៏ចាំបាច់ក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពគម្រោងឱ្យស្របនឹងយុទ្ធសាស្រ្តការអភិវឌ្ឍតំបន់ ការលើកកម្ពស់សេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព។

 

825273483 1462805542573556 4386274408251621769 N

 

២. ផ្លូវជាតិលេខ៨

 

ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជដ្ឋាភិបាលកម្ពុជា បានចុះពិនិត្យគម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ 

 

ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារតាមបណ្តោយផ្លូវជាតិលេខ៨ ចាប់ពីស្ពានព្រែកតាមាក់ ខេត្តកណ្ដាល រហូតដល់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

 

ដំណើរបេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារ AIIB ទីប្រឹក្សាបច្ចេកទេស ព្រមទាំងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីបញ្ហាប្រឈមមួយចំនួន។

 

ជាលទ្ធផល ក្រុមការងារបច្ចេកទេសបានពិនិត្យ និងឯកភាពក្នុងការសិក្សាហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពតាមទីតាំងសាលារៀន (School Zone) និងការកែលម្អគំនូសប្លង់បច្ចេកទេស ដោយបន្ថែមគន្លងផ្លូវនៅតាមទីតាំងដែលមានរង្វង់មូល ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ព្រមទាំងសិក្សាបន្ថែមអំពីផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ នៅតាមទីតាំងផ្លូវភ្ជាប់ (T-Junction)។

 

សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៨ មានប្រវែងសរុប ១២៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

 

ផ្លូវនេះមានសារៈសំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញ តាមរយៈខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ទៅកាន់តំបន់ភាគខាងកើត និងតំបន់ព្រំដែនកម្ពុជា–វៀតណាម៕

 

815701212 1531952055364860 7314174271141835060 N

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia