គណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ២ តម្លៃសរុបជាង ១០ លានដុល្លារ និងអាចបង្កើតឱកាសការងារជាង ៥០០ កន្លែង នៅក្នុងខេត្ដតាកែវ និងខេត្ដកំពង់ស្ពឺ។ យោងតាមការចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជាគម្រោងទាំងពីនោះរួមមាន៖
១. រោងចក្រផលិតរទេះលើកដាក់ឥវ៉ាន់
គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Iroye Forklift (Cambodia) Co.,LTD មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២១២កន្លែង។ គម្រោងនេះមានទីតាំងស្ថិតនៅក្បាលដីលេខ ៧៦២ ភូមិរយ៉ក ឃុំកុមាររាជា ស្រុកបាទី ខេត្ដតាកែវ។

២. រោងចក្រផលិត និងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ
គម្រោងវិនិយោគបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Three Gold Solar Industry Co.,LTD មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៣៣៥កន្លែង។ គម្រោងនេះមានទីតាំងស្ថិតនៅក្បាលដីលេខ ៨២ ជាន់ផ្ទាល់ដី ផ្លូវគ្រួសក្រហម ភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ៕


