អបអរ! រាជធានី-ខេត្ដ ៥ នេះទទួលបានគម្រោងតម្លៃសរុប ១.៣ ពាន់លានដុល្លារ ខណៈ CDC រៀបចំចុះបញ្ជី
Bunthoeun KoemOCTOBER 9 20251.9 K views

គម្រោងវិនិយោគទាំង៧ ដែលមានទុនសរុបចំនួន ១.៣ ពាន់លានដុល្លារ បានបោះទីតាំងវិនិយោគវិនិយោគនៅរាជធានី-ខេត្ដដូចជា៖ ​រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងកែប។ ខណៈគម្រោងទាំង ៧ នេះក៏បានបង្កើតឱកាសការងារសរុបចំនួន ៨.៣ ពាន់កន្លែងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។

 

557701155 1271021531722777 1677798663072090384 N

 

យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) គម្រោងទាំងនេះមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៥គម្រោង (ផលិតឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហធាតុ និងប្លាស្ទិក), ស្ល និងកែច្នៃលោហធាតុ, ផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទ, ផលិតសម្ភារៈលម្អក្នុងផ្ទះគ្រប់ប្រភេទ, កាត់ដេរសម្លៀកបំពាក់ កាបូប សម្លៀកបំពាក់សត្វចិញ្ចឹម គ្រឿងតុបតែងលម្អសម្លៀកបំពាក់ និងគ្រឿងអលង្ការកាទ្បៃ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោងគឺគម្រោងបង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន២២១គ្រែ និងគម្រោងសាងសង់ និងប្រតិបត្តិការព្រែកជីកហ្វូណនតេជោ។

 

559005041 1271021441722786 3128602478816551103 N

 

ជាមួយគ្នានេះដែរនៅថ្ងៃទី៩ ខែតុលា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគទាំង ៧ ខាងលើ ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធផងដែរ។

 

គួរជម្រាបផងដែរថា ក្នុងរយៈពេល ៩​ ខែក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៥៤៦ គម្រោង មានទុនវិនិយោគសរុបចំនួន ៧.៨ ពាន់លានដុល្លារឯណោះ។ នេះបើតាមតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ៕

 

557943894 1271021338389463 3469591912279775288 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia