នៅឆមាសទី ១ ឆ្នាំ ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗចំនួន ៧ មានទីតាំងស្ថិតនៅក្នុងរាជធានី-ខេត្ដចំនួន ៣។ ដោយគម្រោងថ្មីនេះមានម្លៃសរុបចំនួន ៨៣៧ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៤ ២០៣ កន្លែងជូនដល់ពលរដ្ឋនៅក្នុងតំបន់ផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រាជធានី-ខេត្ដ ដែលទទួលបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីទាំងនោះរួមមាន៖
១. ខេត្ដកំពង់ស្ពឺ៖ ទទួលបាន ៣ តំបន់
២. រាជធានីភ្នំពេញ៖ ទទួលបាន ២ តំបន់
៣. ខេត្ដកំពត៖ ទទួលបាន ២ តំបន់។
សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានចំនួន២៧៦ មានទុនវិនិយោគសរុបប្រមាណ៤,៧ ប៊ីលានដុល្លារ នឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។
ក្នុងចំណោមគម្រោងវិនិយោគទាំង២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤.៤ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសចំនួន៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។
ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីរដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានចំនួន៩៥ ក្នុងទំហំមុនវិនិយោគប្រមាណ ២៩១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៥ពាន់កន្លែង៕


