នៅពេលខាងមុខនេះ មន្ទីរពេទ្យថ្មីៗចំនួន ២ ដែលវិនិយោគដោយកូនខ្មែរ នឹងលេចរូបរាងឡើងនៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីទទួលព្យាបាជំងឺជូនពលរដ្ឋនៅក្នុងប្រទេស។ ខណៈគម្រោងមន្ទីរពេទ្យទាំងពីរនេះ មានទុនវិនិយោគសរុបជិត ៤០០ លានដុល្លារឯណោះ។
១. គម្រោងមន្ទីរពេទ្យអន្តរជាតិ វីអ ចតុមុខ
គម្រោងមន្ទីរពេទ្យ វីអ ចតុមុខ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ មានទីតាំងស្ថិតនៅក្បាលដីលេខ ៨២០ មហាវិថីសម្ដេច ហ៊ុន សែន ភូមិតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ដោយគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន VR CHAKTOMUK INTERNATIONAL HOSPITAL CO.,LTD ដែលមានទុនសរុប ៧៨ លានដុល្លារ។
មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៣០,៣៦០ ម៉ែត្រការ៉េ និងមានផ្ទៃសំណង់សរុបជាង ១៦០,០០០ ម៉ែត្រការ៉េ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺសរុបចំនួន ២២១ គ្រែ និងត្រូវបានចែកចេញជា ២ ដំណាក់កាល៖
*ដំណាក់កាលទី១៖ មានអគារមន្ទីរពេទ្យនៅផ្នែកខាងមុខកម្ពស់ ៧ ជាន់ និងភ្ជាប់ដោយអគារបន្ទប់មានកម្ពស់ ១៨ ជាន់ ដែលមានក្រឡាផ្ទៃសរុប ៨៣,៧៧៦ ម៉ែត្រការ៉េ។
*ដំណាក់កាលទី២៖ មានអគារផ្នែកខាងក្រោយ ជាអគារស្នាក់នៅបម្រើដល់អ្នកជំងឺ មានកម្ពស់ ២៣ ជាន់ ដែលមានផ្ទៃក្រឡា ៥១,៩២៨ ម៉ែត្រការ៉េ។ ជាមួយនឹងអគារចំណតរថយន្តកំពស់ ៧ ជាន់ មានផ្ទៃក្រឡា ៣៤,០០០ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានប្រមាណជាង ១,០០០ គ្រឿង។

២. គម្រោងមន្ទីរពេទ្យកម្ពុជា
កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ បណ្ដាឧកញ៉ាធំៗនៅកម្ពុជា បានចាប់ដៃគ្នានៅក្នុងសាងសង់គម្រោងមន្ទីរពេទ្យកម្ពុជា ដែលជាគម្រោងមន្ទីរពេទ្យថ្មី មានតម្លៃវិនិយោគសរុបជាង ៣០០ លានដុល្លារ ដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។ ក្នុងនោះដែរ ឧកញ៉ាធំៗដែលមានភាគហ៊ុននៅក្នុងគម្រោងនេះរួមមាន៖
*ទី១. អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ចំនួន២៣%។
ទី២. លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ចំនួន២៣%។
ទី៣. អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និង ឧកញ៉ា ហៀង ប៊ុនប៉ង សហស្ថាបនិក និងជាអនុប្រធាន ក្រុមហ៊ុន ប៉េង ហួត គ្រុប ចំនួន២៣%។
ទី៤. អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ចំនួន១០%។
ទី៥. អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមេគង្គ លែន ឌីវេឡុបម៉ិន ឯ.កចំនួន ៦%។
ទី៦. អ្នកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ភ្នំពេញថ្មី ចំនួន ៥%។
ទី៧. អ្នកឧកញ៉ា លី ហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរីអង្គរ ផាលេស ចំនួន៥%។
ទី៨. ឧកញ៉ា ថៃ ស៊ាង ប្រធានក្រុមហ៊ុន ធី អេស អិន អ ឌីស្ទីតឡូសិន ខូ អិលធីឌី ចំនួន៥%។
តាមការបញ្ជាក់ ការសាងសង់មន្ទីរពេទ្យ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៦ ហើយរំពឹងបើកដំណើរការ នៅឆ្នាំ២០២៨ ខាងមុខ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្ដូរវឌ្ឍនភាពនៃការទទួលបាននូវសេវា ថែទាំសុខភាពដល់ប្រជាជនកម្ពុជា៕



