នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈក្រមហ៊ុនអាមេរិកគឺក្រុមហ៊ុន RMA Cambodia បានបង្ហើបពីគម្រោងថ្មីមួយទៀតដោយក្រៅពីមានគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តក្រុមហ៊ុនក៏មានគម្រោងវិនិយោគក្នុងវិស័យមួយចំនួនទៀត ជាពិសេសគម្រោងកែច្នៃចំណីអាហារផងដែរ ។
ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd ដឹកនាំដោយលោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន។

នៅក្នុងជំនួបនេះ លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia ក៏បានជម្រាបជូនពីវឌ្ឍនភាពនៃគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត របស់ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd និងបានចែករំលែកអំពីស្ថានភាពទីផ្សាររថយន្តនាពេលបច្ចុប្បន្ននៅកម្ពុជាផងដែរ។

ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍ និងបានអបអរសាទរចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននាពេលកន្លងមក រួមជាមួយនឹងការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងទាំងនោះនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា៕


