ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័យគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល ដ៏ធំមួយតម្លៃសរុបចំនួន ៣២ លានដុល្លារ ឲ្យធ្វើការសាងសង់នៅក្នុងខេត្ដកំពង់ស្ពឺ ដែលបច្ចុប្បន្នដែលជាខេត្ដដ៏មានសក្ដានុពលបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

តាមការចេញផ្សាយដោយ CDC កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា កែច្នៃកសិផល និងផលិតចំណីអាហារពីកសិផលខាងលើនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ហ្គ្រីន អ៊ិនដាសស្ទ្រៀល ផាក អ៊ិនវេសម៉ិន ឯ.ក (GREEN INDUSTRIAL PARK INVESTMENT CO., LTD) ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ 1452, 1453, 1642 ផ្លូវជាតិលេខ៥១ ភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ។

សូមជម្រាបផងដែរថា ចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ ពាន់លានដុល្លារ។ អ្វីដែលពិសេសក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ៥៧៥ គម្រោងនេះ ខេត្ដកំពង់ស្ពឺទទួលបានចំនួន ១៣០ គម្រោងឯណោះ ឈរលេខ១ជាខេត្ដទទួលបានគម្រោងវិនិយោគច្រើនជាងគេ៕




