ខេត្ដក្រចេះទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងពោះវៀនកង់ ថ្មីដែលមានតម្លៃ ៤៥០ លានដុលល្លារ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល។ នេះបើយោងតាមការចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
គម្រោងដ៏ធំនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន ញូ ខនធីណិន (ខេមបូឌា) ថាយអឺរ ឯ.ក (New Continent (Cambodia) Tire CO., LTD.) ។ ក្នុងនោះដែរ នៅពេលរោងចក្របើកដំណើរការ ក៏នឹងអាចបង្កើតឱកាសការងារបានចំនួន ៣ ០០០ កន្លែងជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ថែមទៀតផង។
សូមបញ្ជាក់ផងដែរថា គម្រោងវិនិយោគនេះគឺជាគម្រោងរោងចក្រផលិតសំបកកង់រថយន្តទី៣ហើយដែលបានមកបោះទីតាំងវិនិយោគនៅខេត្តក្រចេះ ហើយក៏ជារោងចក្រផលិតសំបកកង់រថយន្តទី៨ ដែលបានមកបោះទីតាំងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា៕



