ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្រ របស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ ក្រោម ៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២ គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប។ គម្រោងនេះត្រូវបានបើករដ្ឋានសាងសង់កំណាត់ទី១ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និងកំណាត់ទី២ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។

យ៉ាងណាមិញក្រៅពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលកំពុងនិងដំណើរការសាងសង់ដ៏ធំមួយនេះ កម្ពុជាក៏នៅមានគម្រោងព្រែកជីកថ្មីមួយទៀត ដែលវិនិយោគដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ មួយទៀតផងដែរ។ ខណៈគម្រោងផ្លូវទឹកថ្មីនេះគឺតភ្ជាប់ពីទីក្រុងរណបរបស់អាកាសយានដ្ឋានអន្ដរជាតិតេជោ TIA ភ្ជាប់ទៅកាន់គម្រោងព្រែកជីកហ្វូណនេតជោ ដើម្បីសម្រួលដល់ការទឹកដញ្ជូនទំនិញ។

បើយោងតាមប្រសាសន៍របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវអាកាសយានដ្ឋានអន្ដរជាតិតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០ គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលូងដែលនៅប៉ែកខាងត្បូងរបស់ TIA ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតទៅដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង ដើម្បីឲ្យតំបន់ TIA ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក” ៕




