ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនឲ្យកាន់តែងាយស្រួល ជាពិសេសតភ្ជាប់ផ្លូវសេដ្ឋកិច្ចពីតំបន់មួយទៅតំបន់មួយទៀត រាជរដ្ឋាភិបាលបានដាក់ផែនការនៅក្នុងការសាងសង់ផ្លូវ ស្ពាន ជាច្រើនខ្សែ។ នៅក្នុងនោះដែរ គម្រោងស្ពានថ្មីចំនួន ២ ក៏នឹងត្រូវបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៧ ខាងមុខនេះ។
១. គម្រោងស្ពានកោះខ្សាច់ទន្លា
គម្រោងស្ពានកោះខ្សាច់ទន្លា ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តស្រុកស្អាង ខេត្តកណ្តាល សាងសង់ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) នឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៧ ជាមុខ ខណៈបច្ចុប្បន្នក្រុមការងារ និងស្ថាប័នពាក់ព័ទ្ធកំពុងចុះសិក្សា និងពិនិត្យទីតាំងជាក់ស្ដែង។
បើតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា គ្រោងចាប់ផ្តើមអនុវត្តការសាងសង់ក្នុងឆ្នាំ២០២៧ ខាងមុខ។ ការងារសាងសង់ស្ពានកោះខ្សាច់ទន្លានេះ គ្រោងនឹងអាចសាងសង់ក្នុងប្រវែងប្រមាណ ៣៣០ម៉ែត្រ និងគ្រោងសាងសង់ផ្លូវតភ្ជាប់ពីក្បាលស្ពាន មានប្រវែងប្រមាណ ៣០៥ម៉ែត្រ។ គម្រោងនេះមានសារៈសំខាន់ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
២. គម្រោងស្ពានតភ្ជាប់កោះនរា និងទីក្រុងរណប មេគង្គឃី
គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៧ ខាងមុខ។ នេះបើយោងតាមការដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងស្ពានថ្មីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងសាងសង់រវាងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ. ជាមួយក្រុមហ៊ុនសាងសង់ Zhejiang Huan Xin Traffic Engineering Co., Ltd. កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ កិច្ចព្រមព្រៀងនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជូន រួមជាមួយនឹងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Zhejiang Institute of Communications Co., Ltd. ក្រុមហ៊ុន Mekong PWT Engineering Co., Ltd. ក្រុមហ៊ុន OCIC។
គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ទៅកាន់ទីក្រុងរណប កោះនរា នេះនឹងជួយជម្រុញការតភ្ជាប់រវាងភាគខាងកើត និងភាគខាងលិចនៃរាជធានីភ្នំពេញ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ជាពិសេសនៅលើគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងជួយពង្រីកការអភិវឌ្ឍន៍ និងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនរស់នៅភាគខាងកើតរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល៕


