ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពជាគោលការណ៍រួចរាល់ហើយ លើគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយនៅក្នុងខេត្តរតនគិរី ខណៈការសាងសង់ព្រលានថ្មីនេះដើម្បីជំរុញសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍នៅតំបន់ភូមិភាគឦសាន។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ក្នុងបទសម្ភាសន៍ជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរីនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្ដមអភិបាលខេត្ត បានឱ្យដឹងថា ក្រុមការងារជំនាញ និងក្រុមហ៊ុនឯកជនបានចុះសិក្សាទីតាំងជាក់ស្តែងចំនួន ៤ ទៅ ៥លើកមកហើយ ដោយមានកិច្ចសហការសិក្សាពីផលប៉ះពាល់ផ្សេងៗជាមួយក្រុមហ៊ុនដែលមានទំនាក់ទំនងមកពីសហរដ្ឋអាមេរិកផងដែរ។

ពាក់ព័ន្ធនឹងរយៈពេលនៃការសាងសង់ ឯកឧត្ដម ញ៉ែម សំអឿន បានបញ្ជាក់ថា ព្រលានយន្តហោះនេះអាចនឹងចំណាយពេលសាងសង់ក្នុងរង្វង់ ៣ ទៅ ៤ឆ្នាំ ទើបអាចដាក់ឱ្យដំណើរការជាផ្លូវការបាន។ ឯកឧត្ដមបានបន្ថែមថា៖ «កាលពីដំបូង ខ្ញុំរំពឹងថាអាចចំណាយពេលត្រឹម ២ឆ្នាំ ប៉ុន្ដែក្រោយពីធ្វើការគណនាលើលក្ខណៈបច្ចេកទេសលម្អិតរួចរាល់ យើងត្រូវការពេលរហូតដល់ ៣ឆ្នាំ ឬអាចឈានដល់ ៤ឆ្នាំ»។

ការសម្រេចសាងសង់ព្រលានយន្តហោះថ្មីនេះ ត្រូវបានមើលឃើញថាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទាក់ទាញវិនិយោគិន និងជំរុញកំណើនភ្ញៀវទេសចរមកកាន់តំបន់ភូមិភាគឦសាន ដែលជាតំបន់ដាច់ស្រយាលជាងគេ។ ជាពិសេស ទីតាំងដែលត្រូវបានជ្រើសរើសសម្រាប់ការសាងសង់ព្រលានយន្ដហោះថ្មីនេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយដែលមិនត្រឹមតែបម្រើផលប្រយោជន៍ដល់ខេត្តរតនគិរីមួយប៉ុណ្ណោះទេ ប៉ុន្តែវាស្ថិតនៅចំណុចដែលអាចតភ្ជាប់ និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងចំនួន ៣ ផ្សេងទៀត រួមមាន ខេត្តស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ ផងដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋបាលខេត្ដរតនគិរី បានបើកកិច្ចប្រជុំមួយស្តីពីវឌ្ឍនភាព និងនីតិវិធីបន្ទាប់សម្រាប់ការជម្រុញដល់ការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានរតនគិរីនេះផងដែរ។ យ៉ាងណាក្រោមការយកចិត្តទុកដាក់ស្នើសុំពីសំណាក់ពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្តរតនគិរីសង្ឃឹមថាគម្រោងនេះនឹងលេចចេញជារូបរាងឡើងឆាប់ៗ ដើម្បីទាក់ទាញអ្នកវិនិយោគ និងកំណើនភ្ញៀវទេសចរណ៍ ហើយផ្តល់ឱកាសការងារ ក្នុងនោះអ្នកប្រកបរបរក្រៅប្រព័ន្ធដូចជា រថយន្តតាក់ស៊ី អ្នករត់ម៉ូតូ រ៉ឺម៉កកង់៣ នឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះផងដែរ។
គួរជម្រាបដែរថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានរតនគិរីនេះ គឺមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដែលមានផ្ទៃដីសរុបជាង ១៩០០ ហិកតា៕


