នេះជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជាទាំងមូល ខណៈកម្ពុជាកំពុងតែត្រៀមទទួលកាដូឆ្នាំថ្មីគឺរោងចក្រដំឡើងម៉ូតូស្តង់ដារអន្តរជាតិនៅលើទឹកដីកម្ពុជា ហើយនៅពេលរោងចក្រនេះបើកដំណើរការជាផ្លូវការនៅកម្ពុជាក៏អាចបង្កើតឱកាសការងារដល់ប្រជាជនក្នុងស្រុក ថែមទាំងបានជួយទៅដល់សេដ្ឋកិច្ចជាតិផងដែរ។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹថា ក្រុមហ៊ុន Jet's Group បានសហការជាមួយដៃគូម៉ាឡេស៊ី ជំនាញបង្កើតរោងចក្រដំឡើងម៉ូតូស្តង់ដារអន្ដរជាតិនៅលើទឹកដីកម្ពុជាហើយនៅពេលផលិតបាននឹងមានការឧបត្ថម្ភម៉ូតូចំនួន ១០០គ្រឿងក្នុងដំណាក់កាលទីមួយជូនដល់វីរកងទ័ព។
ជាមួយគ្នានោះដែរ ចំពោះការបង្កើតរោងចក្រដំឡើងម៉ូតូនៅលើទឹកដីកម្ពុជានេះដែរ គឺមានការសហការជាមួយអ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី ដើម្បីផលិតម៉ូតូដែលមានគុណភាពខ្ពស់ហើយមានតម្លៃសមរម្យ ដើម្បីឲប្រជាជនកម្ពុជាបានប្រើប្រាស់នូវផលិតផលដែលមានគុណភាពខ្ពស់ ហើយផលិតដោយសារដៃកូនខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយរោងចក្របើកដំណើរការរួចរាល់ក្រុមហ៊ុន និងឧបត្ថម្ភម៉ូតូចំនួន១០០ គ្រឿង ជូនដល់វីរកងទ័ព ដើម្បីបំពេញតម្រូវការ ការពារបូរណភាពទឹកដី។

គូសបញ្ជាក់ថា នេះជាពេលវេលាមួយដែលយើងត្រូវតែចូលរួមកសាងប្រទេសរបស់យើងឱ្យកាន់តែខ្លាំង និងជួយប្រទេសជាតិទៅតាមចំណេះជំនាញរៀងខ្លួន ដូច្នេះសូមចូលរួមគាំទ្រនូវផលិតផលខ្មែរ ជាកម្លាំងញើសឈាមដែលកូនខ្មែរជាអ្នកបង្កើតឡើងផងដែរ៕


