ត្រឹមវ័យ២១ឆ្នាំប៉ុណ្ណោះ ឧកញ៉ា គិត ស៊ូឡា ត្រូវបានតែងតាំងជាអគ្គនាយករង ក្រុមហ៊ុនយក្ស Royal Group ការតែងតាំងនេះ ត្រូវបានប្រកាសដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានឆ្លុះបញ្ចាំងពីការបន្តពង្រឹងថ្នាក់ដឹកនាំ និងចក្ខុវិស័យរយៈពេលវែងរបស់ក្រុមហ៊ុន។

យ៉ាងណាមិញ បើងាកមកមើលប្រវត្តិរបស់ឧកញ៉ាវ័យក្មេងរូបនេះវិញ គឺមានសមត្ថភាពមិនធម្មតាគឺឧកញ៉ា ជាកូនប្រុសបង្កើតរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន រ៉ូយាល់គ្រុបត្បិតធំធាត់ក្នុងត្រកូលអ្នកជំនួញ ឧកញ៉ា គិត ស៊ូឡា បានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុននិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។
ឧកញ៉ា គិត ស៊ូឡា ក៏បានបញ្ចប់ការសិក្សាសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបានបញ្ចប់ការសិក្សាពីសាលា Hwa Chong International School ដែលជាសាលារៀនដ៏ល្បីខ្លាំងមួយនៅក្នុងប្រទេសសិង្ហបុរី។

នៅតួនាទីថ្មីនេះដែរ ដែលក្លាយជាអគ្គនាយករង ក្រុមហ៊ុនយក្ស Royal Group ឧកញ៉ា គិត ស៊ូឡា គឺមានសារៈសំខាន់ក្នុងការចូលរួមពង្រឹងអភិបាលកិច្ចល្អ ជំរុញការផ្លាស់ប្តូរអាជីវកម្ម និងជំរុញការរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានអាយុកាលជាង៣៥ឆ្នាំ។
អ្នកឧកញ៉ា គិត ម៉េង ក៏មានទំនុកចិត្តយ៉ាងមុតមាំថា ឧកញ៉ា គិត ស៊ូឡា នឹងបំពេញតួនាទី និងការទទួលខុសត្រូវដ៏សំខាន់នេះ ដោយប្រកាន់ខ្ជាប់នូវស្ដង់ដារខ្ពស់បំផុតនៃភាពជាអ្នកដឹកនាំ សុចរិតភាព និងវិជ្ជាជីវៈ ដើម្បីរួមគ្នាកសាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឱ្យក្លាយជាក្រុមហ៊ុនឈានមុខ និងទទួលជោគជ័យបំផុតមួយនៅក្នុងតំបន់ផងដែរ។
គួរជម្រាបផងដែរថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ហើយបច្ចុប្បន្ននេះក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក៏មានបុត្រសម្ព័ន្ធអាជីវកម្ម ជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕



