មនុស្សជាច្រើនសុបិនចង់មានឡាន មានដី និងមានផ្ទះជារបស់ខ្លួនឯង។ វាជារឿងធម្មតាហើយក៏ជារឿងល្អដែលមនុស្សចេះមនគោលដៅជីវិតច្បាស់លាស់។ ប៉ុន្តែអ្នកមិនត្រូវចង់បានអ្វីដែលលើសពីសមត្ថភាពរបស់ខ្លួននោះទេ បើសិនជាហិរញ្ញវត្ថុរបស់អ្នកនៅមានកម្រិតនៅឡើយ គួរកុំប្រថុយឱ្យសោះបោះទុនទៅលើរឿងធំៗទាំងនេះ៖
១. បង់រំលស់ឡាន៖ ឡានអាចជួយឱ្យការធ្វើដំណើរ និងការងាររបស់អ្នកកាន់តែងាយស្រួល។ ប៉ុន្តែបើអ្នកទិញឡានដោយពឹងផ្អែកលើប្រាក់ខែប្រចាំខែតែមួយច្រក ហើយចំណូលនោះមិនទៀងទាត់ទៀតនោះ វាអាចក្លាយជាបន្ទុកធំ។ ព្រោះនៅពេលខែណាមួយចំណូលធ្លាក់ ឬមានបញ្ហាការងារ អ្នកនៅតែត្រូវបង់រំលស់ដដែល។ វាអាចធ្វើឱ្យអ្នកខ្វះលុយសម្រាប់ការចំណាយចាំបាច់ប្រចាំថ្ងៃថែមទៀត។
២. បង់រំលស់ដី៖ ដីត្រូវបានចាត់ទុកថាជាទ្រព្យវិនិយោគល្អសម្រាប់អនាគត។ ប៉ុន្តែដីក៏ជាទ្រព្យដែលមានតម្លៃខ្ពស់ និងត្រូវការប្រាក់ច្រើនក្នុងការទិញវាផងដែរ។ ដូច្នេះបើអ្នកចង់បង់រំលស់ដីគឺអ្នកត្រូវរយៈពេលយូរដើម្បីបង់វា បើចំណូលរបស់អ្នកទៀងទាត់ ការបង់រំលស់ដីមិនមែនជាបញ្ហាធំទេ។ តែបើចំណូលរបស់អ្នកមានតែមួយច្រក ហើយមិនច្បាស់លាស់ទៀត អ្នកអាចប្រឈមនឹងហានិភ័យបាត់បង់ដី និងខាតបង់ប្រាក់ដែលបានបង់ពីមុនៗមកទៀត។
៣. បង់រំលស់ផ្ទះ៖ ការមានផ្ទះជារបស់ខ្លួនឯងអាចផ្តល់នូវអារម្មណ៍សុវត្ថិភាព និងស្ថិរភាព ប៉ុន្តែការបង់រំលស់ផ្ទះត្រូវការប្រាក់ជាប្រចាំក្នុងរយៈពេលវែង។ ប្រសិនបើថ្ងៃណាមួយចំណូលអ្នកធ្លាក់ចុះ ឬបាត់បង់ប្រភពចំណូល វាអាចធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពលំបាក មុននឹងក្រោយអ្នកជៀសមិនផុតនឹងខ្ចីលុយគេដើម្បីមកដោះទល់ ដែលពេលនោះនឹងធ្វើឱ្យអ្នកមានបំណុលកាន់តែច្រើន។
យ៉ាងណាក៏ដោយ អត្ថបទនេះមិនមានន័យថា មិនឱ្យអ្នកវិនិយោគ ឬមិនឱ្យអ្នកទិញឡាន ទិញដី ឬទិញផ្ទះនោះទេ។គោលបំណងគ្រាន់តែចង់ដាស់អារម្មណ៍ឱ្យអ្នកប្រើប្រាស់លុយដោយមានការគិតគូរ និងមានការប្រុងប្រយ័ត្នជាមុនសិន។ បើចំណូលរបស់អ្នកនៅមិនទាន់មានស្ថេរភាព អ្វីដែលគួរធ្វើមុនគេ គឺ៖ រក្សាចំណូលឱ្យបានទៀងទាត់ សន្សំប្រាក់សម្រាប់បម្រុងទុក និងព្យាយាមបង្កើនប្រភពចំណូលបន្ថែម។ នៅពេលហិរញ្ញវត្ថុរបស់អ្នកមានលំនឹង ពេលនោះអ្នកអាចទិញទ្រព្យធំៗទាំងនេះបានដោយមិនបាច់ព្រួយចិត្តអ្វីឡើយ៕


