គម្រោងស្តារឡើងវិញផ្លូវជាតិលេខ ៣ ប្រវែងប្រមាណ ២០គីឡូម៉ែត្រ នៅក្នុងតំបន់វាលរេញ បានក្លាយជាគម្រោងអាទិភាពមួយ ត្រូវបានលើកយកមកជជែកដេញដោលយ៉ាងយកចិត្តទុកដាក់ ក្នុងជំនួបពិភាក្សាការងាររវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងថ្នាក់ដឹកនាំនៃទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (CIDCA) នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ។
ជំនួបខាងលើនេះដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ លោក Chen Xiaodong ប្រធានទីភ្នាក់ងារ CIDCA នៅទីស្នាក់ការកណ្តាលរបស់ CIDCA ក្នុងខណ្ឌ Xicheng រដ្ឋធានីប៉េកាំង ក្នុងគោលបំណងជំរុញការអនុវត្ត និងពន្លឿនហិរញ្ញប្បទានលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

កំណាត់ផ្លូវជាតិលេខ ៣ ប្រវែង ២០គីឡូម៉ែត្រ ស្ថិតក្នុងតំបន់វាលរេញ គឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ប៉ុន្តែតែងតែជួបប្រទះការខូចខាតដោយសារស្នូលដីខាងក្រោមជាប្រភេទដីស្អុយ។ នៅក្នុងជំនួបនេះ ភាគីកម្ពុជា និងចិន បានឯកភាពគ្នាក្នុងការពិនិត្យវឌ្ឍនភាព និងជំរុញនីតិវិធីបន្ត ដើម្បីធ្វើការស្តារឡើងវិញឱ្យបានឆាប់រហ័ស ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាកន្លងមក សំដៅធានាសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។
ក្រៅពីគម្រោងផ្លូវជាតិលេខ ៣ នៅតំបន់វាលរេញ ជំនួបកម្រិតខ្ពស់នេះក៏បានសម្រេចលទ្ធផល និងជជែកពីគម្រោងអាទិភាព ៣ ផ្សេងទៀតរួមមាន៖
១. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៖ ភាគីចិន តាមរយៈទីភ្នាក់ងារ CIDCA បានប្រកាសផ្ដល់ការគាំទ្រជាផ្លូវការចំពោះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាយ គម្រោងផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះ តាមរយៈការផ្តល់ឥណទានសម្បទាន ហើយភាគីកម្ពុជាបានស្នើឱ្យ CIDCA ជួយពន្លឿនរាល់នីតិវិធីនៃការអនុម័តហិរញ្ញប្បទាននៅជំហានបន្ទាប់ឱ្យបានឆាប់រហ័ស។
២. គម្រោងផ្លូវជាតិលេខ ៧ (ក្រចេះ-ស្ទឹងត្រែង) និង
៣. គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ។
សូមជម្រាបថា តាមការសិក្សាកន្លងមក កំណាត់ផ្លូវជាតិលេខ ៣ ប្រវែង ២០គីឡូម៉ែត្រដែលតែងតែខូចជាប្រចាំនេះត្រូវបែងចែកជាពីរកំណាត់ ក្នុងនោះ៖ កំណាត់ ៥គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម ចំពោះការងារសាង់សង់គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត២ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមានវិធីទម្លាក់សេរីទម្ងន់ ២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ៕



