រដ្ឋកំពុងសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានមេគង្គថ្មី
Bunthoeun KoemFEBRUARY 11 2026652 views

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ​និងដឹកជញ្ជូន បាននិងកំពុងសិក្សាលើគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ១ និងស្ពានមេគង្គថ្មី។ ខណៈគម្រោងនេះមានគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនប្រសិទ្ធភាពដឹកជញ្ជូន។

 

631358819 1222585656719093 18358821677060199 N

 

ក្នុងនោះដែរនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងខាងលើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងរដ្ឋបាលខណ្ឌច្បារអំពៅ តំណាងរដ្ឋបាលក្រុងអរិយក្សត្រ តំណាងរដ្ឋបាលស្រុកលើកដែក តំណាងរដ្ឋបាលស្រុកកៀនស្វាយ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស OCG និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

 

631260019 1222580370052955 1585143053587321458 N

 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជួបប្រជុំពិនិត្យពិភាក្សាកម្រិតថ្នាក់ដឹកនាំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងស្ថាប័នពាក់ព័ន្ធ លើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ១ និងស្ពានមេគង្គថ្មី និងប្រមូលនូវធាតុចូលបន្ថែម ធ្វើយ៉ាងណាធានាឱ្យបានថាកិច្ចការនេះ មានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុនចេញរបាយការណ៍ផ្លូវការចុងក្រោយ។

 

បន្ថែមពីលើនេះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់តំណាងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការក្នុងការជំរុញ និងការស្វះស្វែងយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារនេះសម្រេចបានជាលទ្ធផលល្អ និងបន្តកិច្ចសហការជាមួយក្រុមការងារទាំងអស់បន្ថែមទៀត ដើម្បីជំរុញឱ្យការសិក្សាស្រាវជ្រាវទទួលបានជោគជ័យ និងអនុត្តន៍ទៅផែនការគ្រោងទុក។

 

បើតាមការបញ្ជាក់ពីក្រសួងសាធារណការកាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងធ្វើឲ្យប្រសើរឡើងវិញ និងពង្រីកលើកំណាត់ផ្លូវជាតិលេខ១ នេះមានប្រវែងសរុប៥៣ គីឡូម៉ែត្រ គិតចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតទៅដល់ចំណុចគល់ស្ពានគីហ្សូណា ស្រុកលើកដែក ខេត្តកណ្ដាល ហើយប្រភពហិរញ្ញវត្ថុគម្រោង គឺបានមកពីកម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia