ស្អាតប្លែក! ខេត្ដកំពង់ស្ពឺធ្វើការកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ខណៈនេះជាគំរូប្លង់
Bunthoeun KoemJUNE 11 2026394 views

រដ្ឋបាលខេត្តកំពង់ស្ពឺ បាននិងកំពុងរៀបចំ «គម្រោងកែលម្អសោភ័ណភាពកំណាត់ផ្លូវជាតិលេខ៤» ស្ថិតក្នុងភូមិសាស្ត្រក្រុងច្បារមន ដើម្បីលើកកម្ពស់មុខមាត់ទីក្រុង និងជំរុញកំណើនសេដ្ឋកិច្ចឈានទៅសម្រេចចក្ខុវិស័យនគរូបនីយកម្មយូរអង្វែង។

 

Screenshot 11 6 2026 145522 Www.facebook.com

 

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ មានប្រវែងសរុប ៦ គីឡូម៉ែត្រ (អភិវឌ្ឍសងខាងផ្លូវសរុប ១២ គីឡូម៉ែត្រ) ដោយមានទទឹងផ្លូវ ១៤ ម៉ែត្រ។ ខ្សែផ្លូវនេះមានចំណុចចាប់ផ្តើមពីស្ថានីយប្រេងឥន្ធនៈតូតាល់ (Total) រហូតដល់ខាងកើតស្ពានពោធិ៍ថ្លុក។ គម្រោងនេះផ្តោតសំខាន់លើទិសដៅយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖

 

១.ការបង្កើតទីក្រុងទំនើប និងរស់រវើក៖ គម្រោងនឹងពង្រីកផ្លូវ ដាំដើមឈើអមសងខាង រៀបចំប្រព័ន្ធលូរំដោះទឹក និងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈស្តង់ដារ ដើម្បីទាក់ទាញការវិនិយោគបន្ថែម ដូចជារោងចក្រ និងសហគ្រាស ដែលបង្កើតការងារជូនពលរដ្ឋ។ បន្ថែមពីនេះ វាក៏នឹងជួយជម្រុញតម្លៃដីធ្លី និងអចលនទ្រព្យក្នុងតំបន់ផងដែរ។

 

២.ការបង្កើនប្រាក់ចំណូល និងពង្រឹងសេដ្ឋកិច្ច៖ ការអភិវឌ្ឍនេះនឹងជួយឱ្យការប្រកបអាជីវកម្ម និងសេវាកម្មផ្សេងៗមានការរីកចម្រើនខ្លាំង ដែលជាប្រភពចំណូលដ៏រឹងមាំសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

 

៣.ការលើកកម្ពស់គុណភាពជីវិត៖ កែប្រែក្រុងច្បារមនឱ្យទៅជា «ទីក្រុងបៃតង» ដែលមានសុវត្ថិភាព និងភាពថ្លៃថ្នូរ ផ្តល់កន្លែងក្សេមក្សាន្តសម្រាប់ការរស់នៅ ហាត់ប្រាណ និងថែរក្សាសុខភាព។

 

៤.ការគាំទ្រវិស័យដឹកជញ្ជូន និងទេសចរណ៍៖ ដោយសារផ្លូវជាតិលេខ៤ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យចំណាយតិច មានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរឆ្លងកាត់។

 

Screenshot 11 6 2026 14557 Www.facebook.com

 

កាន់តែពិសេស គម្រោងនេះនឹងបង្កើតឱ្យមានបរិក្ខារសាធារណៈទំនើបៗជាច្រើន រួមមាន៖ គន្លងផ្លូវសម្រាប់ជិះកង់, ផ្លូវដើរសម្រាប់ថ្មើរជើង, ផ្លូវពិសេសសម្រាប់ជនមានពិការភាព, គន្លងផ្លូវម៉ូតូ, ព្រមទាំងចំណតរថយន្តទូទៅ និងចំណតរថយន្តក្រុង ឆ្លើយតបទៅនឹងប្រព័ន្ធចរាចរណ៍ដ៏មានសណ្តាប់ធ្នាប់។

 

ឆ្លងកាត់ការកែលម្អនេះ កំនាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន នឹងលែងគ្រាន់តែជាផ្លូវឆ្លងកាត់ដូចមុនទៀតហើយ ប៉ុន្តែនឹងបំប្លែងខ្លួនទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដ៏មានសក្តានុពល និងទាក់ទាញបំផុតមួយរបស់ខេត្តកំពង់ស្ពឺ។ ហើយខាងក្រោមនេះ គឺជាវីដេអូបង្ហាញអំពីគំរូប្លង់នៃគម្រោងកែលម្អផ្លូវជាតិលេខ៤ នៅក្រុងច្បារមន សូមរីករាយទស្សនាដូចតទៅ៖

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia