កំណាត់ចុងក្រោយនៃផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ ដែលមានប្រវែងសរុប ៣៥,១៤ គីឡូម៉ែត្រ កំពុងបន្តសម្រុកអនុវត្តការដ្ឋានយ៉ាងមមាញឹក ដោយសម្រេចបានវឌ្ឍនភាពការងារជារួមប្រមាណ ៧០% ហើយ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅអំឡុងឆ្នាំ២០២៧ ខាងមុខ។
ទន្ទឹមនឹងការបន្តអនុវត្តការដ្ឋាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវនេះ ដោយបើកបរក្នុងល្បឿនសមស្របដែលអាចគ្រប់គ្រងបាន គោរពស្លាកសញ្ញាចរាចរណ៍ និងការណែនាំរបស់មន្ត្រីប្រចាំការដ្ឋាន ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងចូលរួមកាត់បន្ថយការហុយដី ដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ។
សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) គឺមានប្រវែង ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវមួយនេះ មានចំណុចចាប់ផ្ដើម ពីព្រែកក្តាម ខេត្តកណ្ដាល និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបែងចែកចេញជា ៣ កំណាត់ គឺ៖ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)៕


