រដ្ឋចុះពិនិត្យទីតាំងសាងសង់គម្រោងផ្លូវជាតិលេខ ៨ ប្រវែងជាង ១២៣ គីឡូម៉ែត្រឆ្លងកាត់ខេត្ដ ៣ នេះ
Bunthoeun Koem•SEPTEMBER 29 2026•11 views

ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជដ្ឋាភិបាលកម្ពុជា បានចុះពិនិត្យគម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ 

 

ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារតាមបណ្តោយផ្លូវជាតិលេខ៨ ចាប់ពីស្ពានព្រែកតាមាក់ ខេត្តកណ្ដាល រហូតដល់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

 

825267938 28555088087490529 1527978081693088873 N

 

ដំណើរបេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារ AIIB ទីប្រឹក្សាបច្ចេកទេស ព្រមទាំងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីបញ្ហាប្រឈមមួយចំនួន។

 

ជាលទ្ធផល ក្រុមការងារបច្ចេកទេសបានពិនិត្យ និងឯកភាពក្នុងការសិក្សាហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពតាមទីតាំងសាលារៀន (School Zone) និងការកែលម្អគំនូសប្លង់បច្ចេកទេស ដោយបន្ថែមគន្លងផ្លូវនៅតាមទីតាំងដែលមានរង្វង់មូល ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ព្រមទាំងសិក្សាបន្ថែមអំពីផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ នៅតាមទីតាំងផ្លូវភ្ជាប់ (T-Junction)។

 

825273483 1462805542573556 4386274408251621769 N

 

សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៨ មានប្រវែងសរុប ១២៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

 

ផ្លូវនេះមានសារៈសំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញ តាមរយៈខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ទៅកាន់តំបន់ភាគខាងកើត និងតំបន់ព្រំដែនកម្ពុជា–វៀតណាម៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia