រាជរដ្ឋាភិបាលនឹងធ្វើការសាងសង់ផ្លូវជាតិថ្មី ២ ខ្សែ ដែលស្ថិតនៅក្នុងខេត្ដចំនួន ៥ រួមមាន៖ ខេត្ដកណ្ដាល ត្បូងឃ្មុំ ព្រៃវែង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន។ យោងតាមការដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវទាំង ២ ខ្សែនោះរួមមាន៖
១. ផ្លូវជាតិលេខ៨
រាជរដ្ឋាភិបាល នឹងធ្វើការសាងសង់កំណាត់ផ្លូវជាតិលេខ៨ ចាប់ពីចំណុចស្ពានព្រែកតាមមាក់ រហូតដល់ស្រុកពញ្ញាក្រែក ដែលឆ្លងកាត់សំខាន់ៗដូចជា៖ ខេត្ដកណ្ដាល ត្បូងឃ្មុំ និងព្រៃវែង។ ខណៈគម្រោងនេះសាងសង់ឡើងក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៨ នេះមានប្រវែងសរុប ១២៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ខេត្តកណ្ដាល និងខេត្តព្រៃវែង។
២. កំណាត់ផ្លូវជាតិលេខ៧ (ភាគខាងជើង)
ក្រៅពីគម្រោងសាងសង់ផ្លូវជាតិលេខ៨ រាជរដ្ឋាភិបាលកម្ពុជាក៏មានគម្រោងនៅក្នុងសាងសង់កំណាត់ផ្លូវជាតិលេខ៧ ភាគខាងជើងផងដែរ។ ដោយគម្រោងនេះប្រវែងសរុប ៩៦,៦៣គីឡូម៉ែត្រ ចាប់ពីចំណុចភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ)។
តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវជាតិលេខ៧ ភាគខាងជើងនេះ សាងសង់ក្រោមក្របខ័ណ្ឌជំនួយឥតសំណងពីរដ្ឋាភិបាលចិន៕



