កាលពីទី២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ ។

កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ នៃការរៀបចំរបស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន សំដៅធានាធ្វើយ៉ាងណាឱ្យដំណើរការរៀបចំពិធីសម្ពោធនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុក។
ឯកឧត្ដមរដ្ឋលេខាធិការបានស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយសហការជាមួយបានស្ថាប័នពាក់ព័ន្ធឱ្យបានល្អ ច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យថ្ងៃដំណើរការកម្មវិធីនាពេលខាងមុខមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ជូនថា កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក(តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រលេខ ៥៤+២៣៣ នៃភូមិសាស្រ្តខេត្តកណ្តាល គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕





