ធនាគារជាតិពន្យល់ច្បាស់ៗ ជុំវិញស្ថានភាពធនាគារនៅកម្ពុជា ក្រោយធនាគារធំ១ផ្អាកប្រតិបត្តិការបណ្ដោះអាសន្ន
Toeuy HongMARCH 16 20264.3 K views

ក្រោយពីធនាគារ APD បានផ្អាកប្រតិបត្តិការរបស់ខ្លួនរយៈពេល៥ថ្ងៃ ហើយប្រជាជននាំគ្នាទៅដកលុយធ្វើឲ្យសាធារណជនមានការព្រួយបារម្ភ។ ធនាគារជាតិនៃកម្ពុជាតាមរយៈលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីប្រកាសជុំវិញស្ថានភាពនេះ។

 

នៅក្នុងសេចក្ដីប្រកាស លោក​ ជំទាវ ជា សិរីបានមានប្រសាសន៍ថា នៅក្នុងប្រតិបត្តិការធនាគារជាទូទៅពេលទទួលប្រាក់បញ្ញើមកគឺធនាគារទុកតែមួយផ្នែកតូចដើម្បីបម្រើសេវាដល់អ្នកដាក់ប្រាក់បញ្ញើ។ ដូច្នេះសាច់ប្រាក់ដែលធនាគារមានប្រចាំថ្ងៃអាចមានកំណត់សម្រាប់ឲ្យអ្នកដាក់បញ្ញើប្រើប្រាស់ប្រចាំថ្ងៃ។

 

លោកជំទាវមានប្រសាសន៍ទៀតថា បើអ្នកដាក់ប្រាក់បញ្ញើនាំគ្នាសម្រុកមកដកប្រាក់ទាំងប្រាក់នៅក្នុងគណនីសន្សំមានកាលកំណត់និងប្រាក់ក្នុងគណនីសន្សំសំចៃ ពេលនោះធនាគារជួបនឹងបញ្ហាសន្ទីភាពមាននន័យថាបង្វិលមិនទាន់ មិនមែនមានន័យថាមិនមែនធនាគារអត់លុយសងទៅអ្នកដាក់ប្រាក់បញ្ញើទេ។ ត្រង់នេះលោកជំទាវបញ្ជាក់ថា លុយដែលប្រជាជនដាក់ប្រាក់បញ្ញើជាពិសេសបញ្ញើមានកាលកំណត់គឺធនាគារបានផ្ដល់ទៅឲ្យអ្នកខ្ចីលុយធនាគារ ហើយអ្នកដែលខ្ចីគឺខ្ចីរយៈពេលវែង។

 

ដូច្នេះបើអ្នកដែលដាក់ប្រាក់បញ្ញើនាំគ្នាមកដកលុយទាំងអស់ក្នុងពេលតែមួយនោះ  ទាល់តែធនាគារអាចទារប្រាក់ពីអ្នកខ្ចីបានទាំងអស់ក្នុងពេលតែមួយទើបអាចមានសាច់ប្រាក់គ្រប់គ្រាន់ទៅឲ្យអ្នកដាក់ប្រាក់បញ្ញើ។ យ៉ាងណាមិញ អ្នកខ្ចីលុយមិនអាចសងប្រាក់ធនាគារទាំងអស់ក្នុងពេលតែមួយទេព្រោះពួកគាត់ខ្ចីរយៈពេលវែង។ ដូច្នេះហើយបើអ្នកដាក់ប្រាក់បញ្ញើទាំងអស់មកដកប្រាក់ទាំងអស់ក្នុងពេលតែមួយ វាគឺជារឿងធម្មតាទេដែលធនាគារមិនមានសាច់ប្រាក់ទាំងអស់ផ្ដល់ទៅឲ្យអ្នកដាក់ប្រាក់បញ្ញើ៕

 

ជាចុងក្រោយលោកជំទាវបានបញ្ជាក់ផងដែរថា បច្ចុប្បន្នស្ថានភាពវិស័យធនាគារយើងនៅរឹងមាំ ហើយធនាគារទាំងអស់គឺអតិថិជនរបស់ធនាគារនៅតែអាចធ្វើប្រតិបត្តិការបានធម្មតា។ ដូច្នេះសូមបងប្អូនទុកពេលវេលាឲ្យធនាគារជាតិនៃកម្ពុជាបន្តធ្វើការជាមួយធនាគារពាក់ព័ន្ធហើយរកវិធីដើម្បីដោះស្រាយប្រាក់បញ្ញើរបស់បងប្អូន។ សូមចុចទៅនេះដើម្បីទស្សនាវីដេអូពន្យល់របស់ធនាគារជាតិ។ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia