ផលិតកាពិក៏អាចនាំចេញបាន! អ្នកស្រីគុណ ផាង ផ្តោតលើរឿង៣នេះ អាចទាញចិត្តក្រុមហ៊ុនថៃ មកទិញដល់ផ្ទះ
ធី ស្រីល័ក្ខMARCH 3 2023333 views

ពិតជារឿងដ៏គួរឱ្យសរសើរខ្លាំងមែនទែន សម្រាប់អ្នកស្រី គុណ ផាង ដែលជាស្រ្តីខ្មែរ១រូបបានចាយពេលជិត ២៧ឆ្នាំ ក្នុងការផលិតកាពិលក់ រហូតធ្វើឱ្យអាជីវកម្មកាពិរបស់អ្នកស្រីទាក់ចិត្តឱ្យក្រុមហ៊ុនថៃចុះមកទិញដល់ទីតាំងផ្ទាល់តែម្តង ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះសិប្បកម្មរបស់គាត់អាចផលិតកាពិ បានខ្ទង់តោនក្នុងមួយឆ្នាំ។

នៅក្នុងបទសម្ភាសន៍ជាមួយចាបក្រហម អ្នកស្រី គុណ ផាង ដែលជាម្ចាស់សិប្បកម្មផលិតកាពិអនាម័យកាពិអ៊ីផាង បាននិយាយថា ចំពោះរបរធ្វើកាពិនេះអ្នកស្រីបានចាប់ផ្តើមធ្វើជាលក្ខណៈគ្រួសារតាំងពីឆ្នាំ ១៩៩៧ មកម្លេះ បើគិតមកដល់ពេលនេះអ្នកស្រីចាប់របរនេះបានរយៈពេល ២៧ឆ្នាំហើយ។

នៅក្នុងនោះដែរ អ្នកស្រីបានបង្ហើបថា ក្រោយពីខំប្រឹងផលិតកាពិអស់រយៈពេលជាង ២៧ ឆ្នាំ ទីបំផុតអ្នកស្រីអាចទាក់ចិត្តក្រុមហ៊ុនថៃឱ្យចុះមកទិញដល់កន្លែងផលិតផ្ទាល់តែម្តង ដោយសារតែអ្នកស្រីផ្តោតទៅលើរឿង ៣នេះ៖

១. ចូលរួមពិព័រណ៍៖ អ្នកស្រីគុណ ផាង បានបន្ថែមថាបើទោះបីជាអ្នកស្រីបានចាប់របរធ្វើកាពិនេះបានរយៈពេល ២៧ឆ្នាំក៏ដោយ ប៉ុន្តែទើបតែទទួលបានការគាំទ្រនិងមានអ្នកទិញច្រើនក្នុងឆ្នាំ២០២២ នេះទេ ដោយសារតែនៅក្នុងឆ្នាំនេះអ្នកស្រីបានមេភូមិ មេឃុំដ៏ល្អម្នាក់ ដែលបានផ្តល់យោបល់ឱ្យអ្នកស្រីយកផលិតផលទៅតាំងលក់នៅពិព័រណ៍មួយដើម្បីបង្ហាញថាភូមិមួយផលិតផលមួយ។

ត្រឡប់មកការលក់កាពិរបស់អ្នកស្រីវិញ ក្រោយពីបានយកទៅតាំងលក់ហើយនោះគឺមានការលក់ដាច់ជាខ្លាំងរហូតក្នុងមួយថ្ងៃលក់ដាច់រាប់រយគីឡូ ចំណែកការផលិតកាពិនេះវិញក្នុងមួយឆ្នាំអាចផលិតកាពិបាន១៧លើសពីនេះទៅទៀតកាពិអ៊ីផាងរបស់អ្នកស្រីគឺអាចលក់ទៅថៃបានទៀត ដោយក្នុងមួយរដូវមានក្រុមហ៊ុនថៃមកទិញដល់កន្លែងផលិតតែម្តងដោយក្នុងមួយដងៗអ្នកស្រីអាចលក់កាពិទៅ បានប្រមាណ១០តោន។

34

២. រក្សាទំនាក់ទំនងល្អជាមួយដៃគូ៖  ម្ចាស់សិប្បកម្មកាពិអ៊ីផាង បានលើកឡើងថា មិនថាលក់កាពិនៅក្នុងស្រុក ឬនៅក្រៅស្រុកទេអ្វីដែលអ្នកស្រីផ្តោតនោះគឺមានភាពស្មោះត្រង់ជាមួយដៃគូជានិច្ច ពោលនៅពេលដែលផ្គត់ផ្គង់ទៅកាន់ដៃគូម្ខាងទៀតអ្នកស្រីលក់តែរបស់ថ្មីៗជូនពួកគាត់ មិនកេងបន្លំ មិនកិបកេង ពួកគាត់ហើយ ព្រោះតែចំណុចតូចៗទាំងអស់នេះហើយទើបធ្វើឱ្យដៃគូជឿទុកចិត្តរហូតក្រុមហ៊ុនថៃសម្រេចមកទិញពីកន្លែងសិប្បកម្មអ្នកស្រីម្តងហើយម្តងទៀត។

៣. រសជាតិកាពិ៖ អ្នកស្រី អ៊ីផាង បានបញ្ជាក់ថា 'កាពិអ៊ីផាង' ត្រូវបានមហាជនទទួលស្គាល់ថាជាផលិតផលមានអនាម័យល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ ដែលក្នុងមួយឆ្នាំអ្នកស្រីអាចផលិតបាន ១០-១៧ តោន/ឆ្នាំ សម្រាប់ចែកចាយក្នុងទីផ្សារខេត្តព្រះសីហនុ និងភ្នំពេញ។ ដោយនៅក្នុងនោះដើម្បីទទួលបានកាពិ ១គីឡូក្រ គេត្រូវការគីស្រស់ ២,២គីឡូក្រាម ។ ក្នុងមួយឆ្នាំ គេអាចនេសាទគីបាន ចាប់ពីខែកក្កដា ដល់ ខែវិច្ឆកា។ ហើយជាទូទៅក្នុងការផលិតកាពិនេះ អ្នកស្រីរកតែរបស់ធម្មជាតិមកផលិតទេ បែបនេះហើយទើបធ្វើឱ្យរសជាតិកាពិរបស់អ្នកស្រីពិសេសជាងគេ នឹងឆ្ងាញ់ជាងគេ។

35

ប្រសិនជាលោកអ្នកចង់កម្មង់កាពិដោយទាំងអស់គ្នាអាចធ្វើការកម្មង់កាពិអ៊ីផាងតាមរយៈលេខទូរស័ព្ទ ០៨១ ៦៤៧ ៦០៦ ៕

36

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia