ការប្រឡងបាក់ឌុប ឬការប្រលងធំៗ មិនត្រឹមតែបង្កើតសម្ពាធលើសិស្សនោះទេ ប៉ុន្តែក៏បង្កើតភាពតានតឹងដល់ឪពុកម្តាយដូចគ្នា។ នៅពេលកូនដើរចេញពីមណ្ឌលប្រលង អាកប្បកិរិយារបស់ឪពុកម្តាយ គឺជាកត្តាសំខាន់បំផុតក្នុងការជួយសម្រួលផ្លូវចិត្ត និងផ្តល់កម្លាំងចិត្តដល់កូនៗ។ ដូច្នេះ ខាងក្រោមនេះជាអ្វីដែលឪពុកម្តាយ ឬអាណាព្យាបាល គ្រប់រូបគួរធ្វើ៖
១.ស្វាគមន៍ដោយស្នាមញញឹម និងកាយវិការកក់ក្តៅ៖ ដើម្បីបន្ធូរបរិយាកាស គួរទទួលកូនដោយស្នាមញញឹម ឱប ឬស្ទាបក្បាលកូនថ្នមៗ ដើម្បីឲ្យកូនមានអារម្មណ៍ថា ទីនេះជាកន្លែងដែលមានសុវត្ថិភាព និងគាំទ្រគេជានិច្ច។ ឬអាចត្រៀមទឹកត្រជាក់ៗ កន្សែងសើម ឬបក់ផ្លិត ឬកង្ហារឲ្យកូន ព្រោះកូនទើបតែឆ្លងកាត់ការប្រើប្រាស់ខួរក្បាល និងកម្ដៅថ្ងៃក្តៅ។
២.ចៀសវាងការសួរដេញដោល ឬផ្ទៀងផ្ទាត់ចម្លើយភ្លាមៗ៖ ពេលកូនចេញមកភ្លាម កុំអាលសួរសំណួរប្រៀបធៀប ចៀសវាងសំណួរដូចជា "ធ្វើបានអត់?" "ប្រលងជាប់អត់?" ឬ "មិត្តភក្តិធ្វើបាន ចុះកូន?"។ មួយទៀត កុំផ្ទៀងចម្លើយ ដូចជា ការដេញដោលរកខុសត្រូវលើវិញ្ញាសាដែលប្រលងរួច អាចធ្វើឲ្យកូនមានវិប្បដិសារី ភ័យខ្លាច និងបាត់បង់ការផ្តោតអារម្មណ៍លើវិញ្ញាសាបន្ទាប់ (ករណីមិនទាន់ប្រលងចប់)។
៣.ប្រើពាក្យសម្តីលើកទឹកចិត្ត និងទទួលស្គាល់ការខិតខំ៖ ពោលពាក្យសាមញ្ញៗដែលផ្តល់កម្លាំងចិត្ត ដូចជា "កូនធ្វើបានល្អហើយ! សម្រាកបន្តិចសិនទៅណា៎។" "ប៉ាម៉ាក់ដឹងថាកូនបានខិតខំអស់ពីសមត្ថភាពហើយ។" "មិនថាលទ្ធផលយ៉ាងណាទេ ប៉ាម៉ាក់នៅតែមានមោទនភាពចំពោះកូន។"
៤. យកចិត្តទុកដាក់លើការហូបចុក និងការសម្រាក៖ ផ្តល់អាហារដែលមានជីវជាតិ ដូចជានាំកូនទៅញ៉ាំអាហារដែលគេចូលចិត្ត ឬរៀបចំអាហារឆ្ងាញ់ៗនៅផ្ទះ។ លើកទឹកចិត្តឲ្យកូនបានសម្រាកភ្នែក ឬគេងលក់មួយភាំង ដើម្បីស្តារកម្លាំងខួរក្បាលឡើងវិញ ជាជាងបង្ខំឲ្យមើលសៀវភៅបន្ថែមទៀត។
៥. បង្កើតបរិយាកាសធូរស្រាលនៅផ្ទះ៖ ធ្វើឲ្យបរិយាកាសនៅក្នុងគ្រួសារមានភាពរីករាយ និងគ្មានសម្ពាធ។ បើកចម្រៀងស្រទន់ៗ ឬនិយាយពីរឿងផ្សេងៗសប្បាយៗ ដែលជួយឲ្យខួរក្បាលកូន បានធូរស្រាលពីការប្រលង។
យ៉ាងណាមិញ អ្វីដែលកូនត្រូវការបំផុតបន្ទាប់ពីដើរចេញពីបន្ទប់ប្រលង មិនមែនជាការកាត់សេចក្តីលើសមត្ថភាពរបស់គេនោះទេ ប៉ុន្តែជាក្តីស្រលាញ់ ភាពកក់ក្តៅ និងការយល់ចិត្តពីឪពុកម្តាយ។ ដូច្នេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការប្រលងនេះ គួរលើកទឹកចិត្តពួកគេឲ្យបានច្រើន ចៀសវាងការនិយាយចំអន់ ព្រោះផ្លូវចិត្តរបស់មនុស្សយើងគ្រប់គ្នា ពិតជាសំខាន់៕


