ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាស្ថាបនិកនៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (Mong Rithy Group) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំអ្នកវិនិយោគិនមកពីសហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលទីតាំងសមស្របនៅក្នុងសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅក្នុងទឹកដីស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ។

យោងតាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត នៅលើបណ្ដាញសង្គមបានឲ្យដឹងថាដូច្នេះថា “ដើម្បីទាក់ទាញអ្នកវិនិយោគទុនបរទេសអោយមកបណ្តាក់ទុននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ព្រឹកនេះខ្ញុំបានដឹកនាំក្រុមការងាររួមជាមួយលោក MICAH LEWIS partner VP Aquisitions មកពីសហរដ្ឋអាមេរិក ដើម្បីចុះមកពិនិត្យមើលទីតាំងដោយផ្ទាល់ នៅក្នុងតំបន់អភិវឌ្ឍន៍កសិកម្មកសិឧស្សាហកម្ម របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីស្វែងរកទីតាំងដែលសមស្របអាចសាងសង់ជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណងបានប្រកបដោយសក្តានុពល”។
សូមជម្រាប មួយរយៈចុងក្រោយនេះកម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើន ជាពិសេសការបង្កើតតំបន់សេដ្ឋពិសេសនេះតែម្ដង។ ជាក់ស្ដែងកាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបនឹងអនុម័តឲ្យបង្កើត តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ ដែលមានទីតាំងស្ថិតនៅ ភូមិអង្គតាឡឹក ភូមិក្រាំងលាវ ភូមិត្រពាំងវែង១ ភូមិត្រពាំងវែង២ ភូមិគរ ឃុំសំបូរ ស្រុកសំរោងទង និងភូមិរោងដំរី ភូមិអង្គតាឯក ភូមិពន្នរ ភូមិត្រពាំងកំបោះ ភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ដោយតំបន់សេដ្ឋកិច្ចពិសេសខាងលើនេះ មានផ្ទៃដីសរុបទំហំ ៥១៨ ហិកតា ៤០ អា និង ១៧ សង់ទីអា៕






