សព្វថ្ងៃនេះ យុវវ័យដែលគេនិយមហៅថា Gen Z (អ្នកកើតពីឆ្នាំ ១៩៩៧ ដល់ ២០១២) កំពុងធ្លាក់ក្នុងអន្ទាក់នៃភាពភ័យខ្លាច (ខ្លាចខ្លួនឯងអន់ជាងគេ ឬខ្លាចមិនទាន់សម័យដូចមនុស្សជុំវិញខ្លួនដែលមានអាយុដំណាលៗគ្នា) ខណៈវ័យនេះ គឺជាវ័យកំពុងស្ថិតការចាប់ផ្តើមចេញធ្វើការ បង្កើតប្រាក់ចំណូល និងត្រូវចេះចាត់ចែងលុយកាក់ឲ្យមានស្ដង់ដារហើយ។ ដូច្នេះ ទម្លាប់អាក្រក់ទាំងប៉ុន្មានខាងក្រោមនេះ គួរតែកែចេញភ្លាម បើសិនចង់សល់លុយ មានជីវិតរស់ស្រួលទៅថ្ងៃក្រោយ៖
១.និយមលេងម៉ូត និងទិញតាម Trend លឿនពេក៖ នៅពេលទូរស័ព្ទចេញស៊េរីថ្មី តែងតែដូរ សម្លៀកបំពាក់ត្រូវតែទិញតាម Trend លើបណ្ដាញសង្គម ទិញកាសឬនាឡិកាឆ្លាតវៃតាមគ្នា ត្រូវតែមានដូចគេ។ ទាំងនេះ ជាផលប៉ះពាល់ និងជាអ្វីដែលអ្នកគួរកែប្រែ ព្រោះរបស់ទាំងនេះ មានតម្លៃធ្លាក់ចុះលឿនណាស់។ ពេលទិញមកបានត្រឹមតែភាពសប្បាយចិត្តមួយភ្លែត ប៉ុន្តែវាបានលេបយកលុយដែលអ្នកខំធ្វើការ និងខំសន្សំ ត្រឹមតែមួយពព្រិចភ្នែក។
២. កែទម្លាប់រស់នៅ លើបណ្តាញសង្គម៖ អ្នកតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបានរូបថតស្អាតផុសលើ Instagram ឬ Facebook ដូចជា ការចូលហាងកាហ្វេថ្លៃៗរាល់ថ្ងៃ ការទៅញ៉ាំអាហារនៅភោជនីយដ្ឋានលំដាប់ខ្ពស់ ឬការដើរលេងកម្សាន្តហួសពីលទ្ធភាព។ ការធ្វើបែបនេះ ជាការចំណាយដើម្បីតែឲ្យអ្នកដទៃសរសើរប៉ុណ្ណោះ។ ការពិតទៅ វាគឺជាសត្រូវលេខ១ ដែលបំផ្លាញអនាគតហិរញ្ញវត្ថុរបស់អ្នក។
៣. អន្ទាក់នៃការបង់រំលោះ (ខ្ចីមុន សងក្រោយ)៖ ការប្រើប្រាស់កាតឥណទាន (Credit Card) ឬសេវាបង់រំលោះលើចំណាយតូចតាច ដូចជាទូរស័ព្ទ ម៉ូតូ សម្លៀកបំពាក់ ឬការដើរលេង ដោយគិតថា «មិនអីទេ មួយខែបង់តែបន្តិចបន្តួចតើ»។ តែអ្នកមិនយល់ពីផលប៉ះពាល់ទេថា វាបង្កើតជាបំណុលកាន់តែកើនឡើង។ នៅពេលប្រាក់ខែបើកមកភ្លាម គឺត្រូវដកទៅសងបំណុលគេអស់ គ្មានសល់លុយសន្សំ ឬយកទៅវិនិយោគឡើយ។
៤. គ្មានការបែងចែករបស់ដែលចង់បាន និង របស់ដែលត្រូវការ៖ ឲ្យតែឃើញគឺចង់បាន ហើយទិញភ្លាមដោយប្រើអារម្មណ៍ជាធំ ដោយមិនបានគិតថា របស់នោះចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ឬអត់។ ធ្វើបែបនេះ មិនល្អទេ ព្រោះលុយមួយផ្នែកតិចតួចដែលហូរចេញរាល់ថ្ងៃ រួមមានថ្លៃកាហ្វេមួយកែវៗជារៀងរាល់ថ្ងៃ អាហារសម្រន់សម្លៀកបំពាក់ ពេលបូកបញ្ចូលគ្នាក្នុងមួយខែៗ គឺជាចំនួនលុយដ៏ច្រើនសន្ធឹកសន្ធាប់។
៥. ខ្វះកញ្ចប់លុយបម្រុងអាសន្ន និង ការវិនិយោគ៖ អ្នកតែងតែទម្លាប់គិតថា រកបានប៉ុន្មានចាយប៉ុណ្ណឹងទៅ ដោយគិតថាខ្លួនឯងនៅក្មេង មិនទាន់ដល់ពេលត្រូវសន្សំ ឬវិនិយោគនោះទេ។ យ៉ាងណាមិញ នៅពេលជួបវិបត្តិ (ឈឺ គ្មានការងារធ្វើ ឬអាជីវកម្មមានបញ្ហា) អ្នកនឹងភ្ញាក់ខ្លួន ដោយត្រូវជំពាក់បំណុលគេភ្លាមៗ ដោយសារគ្មានលុយបម្រុងទប់ទល់ចំណាយផ្សេងៗ។
៦.ចំណុចគួរផ្លាស់ប្តូររបៀបរស់នៅ
-ត្រូវរស់ជាខ្លួនឯង កុំរស់នៅក្នុងជីវិតដែលជារបស់អ្នកដទៃ ដោយប្រើប្រាស់លុយដែលអ្នកមិនទាន់មាន ដើម្បីទាក់ទាញចិត្តមនុស្សដែលអ្នកមិនទាំងចូលចិត្តផង។ មុននឹងទិញរបស់ដែលមិនចាំបាច់ ត្រូវទុកពេលឲ្យខ្លួនឯងគិត ២៤ ម៉ោងសិន។ ប្រសិនបើកន្លងផុត ២៤ ម៉ោងហើយនៅតែមានអារម្មណ៍ថាខ្វះវាមិនបាន ចាំពិចារណាទិញម្ដងទៀត។
-ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃលើបណ្ដាញសង្គម។ អ្វីដែលគេបង្ហាញលើអ៊ីនធើណេត គ្រាន់តែជាចំណុចល្អបំផុតរបស់គេប៉ុណ្ណោះ គេមិនបានបង្ហាញពីបំណុល ឬភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់គេឡើយ។
-ប្តូរពី អ្នកប្រើប្រាស់ ទៅជា អ្នកវិនិយោគ ដោយយកលុយដែលសល់ពីការហក់លោត ទៅរៀនសូត្រ ទិញសៀវភៅរៀន ឬវិនិយោគលើកាតព្វកិច្ចហិរញ្ញវត្ថុដែលបង្កើតចំណូលអកម្ម។
ទោះយ៉ាងណាក៏ដោយ ការរស់នៅទាន់សម័យមិនមែនជារឿងខុសនោះទេ ប៉ុន្តែ ការធ្វើជាមនុស្សមានលុយពិតប្រាកដ គឺប្រសើរជាង មនុស្សអត់លុយតែខំបន្លំដូចជាមានលុយ។ ការដឹងខ្លួនឯងនៅកម្រិតណា និងចេះរៀបចំផែនការហិរញ្ញវត្ថុពីវ័យក្មេង គឺជាកូនសោតែមួយគត់ដែលធ្វើឲ្យ Gen Z មានសេរីភាពហិរញ្ញវត្ថុ និងភាពស្ងប់ចិត្តនៅថ្ងៃអនាគត៕


