បាំងតែមួយថ្ងៃទៀត ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ឬប្រឡងបាក់ឌុប) សម្រាប់ឆ្នាំ២០២៦ ដែលប្រព្រឹត្ដឡើងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះហើយ សម្រាប់លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានីភ្នំពេញ ខេត្តទាំង២៥ទូទាំងប្រទេស។
ក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសណែនាំដល់បេក្ខជនមិនត្រូវធ្វើសកម្មភាពមួយចំនួនជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡងឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជនដែលប្រព្រឹត្តនឹងបទប្បញ្ញត្តិនិងកម្រិតវិន័យ នឹងត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
គួរជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៦ នឹងចាប់ផ្តើមទូទាំងប្រទេសកម្ពុជា ខណៈមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣) បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)៕




