សាកលវិទ្យាល័យ China Three Gorges ក្នុងខេត្ត Hubei នៃប្រទេសចិន បានសម្រេចផ្តល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ០៥កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅសិក្សាលើមុខជំនាញ International and Regional Studies ជាភាសាអង់គ្លេសរយៈពេល ០២ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ។
បើតាមក្រសួងអប់រំ ការផ្តល់អាហារូបករណ៍ខាងលើនេះ ភាគីមិត្តចិន នឹងរ៉ាប់រងតែថ្លៃសិក្សា (ថ្លៃសាលា) ប៉ុណ្ណោះ ចំណែកឯការចំណាយផ្សេងៗទៀត ជាបន្ទុករបស់សាមីជន។ ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍លើកម្មវិធីអាហារូបករណ៍នេះ ត្រូវទៅចុះឈ្មោះ និងបំពេញពាក្យសុំអាហារូបករណ៍ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ) ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០២ ខែមិនុថា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី។
នៅក្នុងសេចក្តីប្រកាស បានគូសបញ្ជាក់ដែរថា ផ្អែកលើចំនួនបេក្ខជនដែលបានដាក់ពាក្យ ក្រសួងនឹងជ្រើសរើសយកបេក្ខជន ចំនួន ០៥នាក់ ដើម្បីបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តនីតិវិធី។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៨ ៩៨៩ ៧៨៩ ៕
សូមអានសេចក្តីជូនដំណឹងលម្អិត៖
អត្ថបទដោយ៖ ពីង ជូអេង


