(រាជធានីភ្នំពេញ)៖ Mizuno គឺជាម៉ាកកីឡាឈានមុខមួយពីប្រទេសជប៉ុន ដែលបានបង្កើតឡើងនៅឆ្នាំ 1906 នៅទីក្រុង Osaka ប្រទេសជប៉ុន។ ជាមួយនឹងសមិទ្ធិផលជាង ១២០ ឆ្នាំ Mizuno បានអភិវឌ្ឍខ្លួនក្នុងការច្នៃប្រឌិតសម្ភារកីឡាដែលមានគុណភាពខ្ពស់ និងបានប្តេជ្ញាអភិវឌ្ឍវិស័យកីឡាតាមរយៈបច្ចេកវិទ្យាទំនើប ការរចនាដែលផ្តោតលើតម្រូវការអត្តពលិក និងស្តង់ដារអន្តរជាតិ។ បច្ចុប្បន្ន ផលិតផល Mizuno ត្រូវបានទុកចិត្តដោយអត្តពលិកអាជីព និងអ្នកស្រលាញ់កីឡានៅជាង ៥០ ប្រទេសទូទាំងពិភពលោក។

តាមរយៈកិច្ចព្រមព្រៀង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន Sakae Fukusho Co., Ltd. ទទួលបានសិទ្ធិផ្តាច់មុខក្នុងការលក់ និងចែកចាយសម្ភារកីឡាម៉ាក Mizuno នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានកិត្តិយសសូមប្រកាសជាផ្លូវការអំពីការបើកសម្ពោធហាង Mizuno និងការចាប់ផ្តើមពង្រីកទីផ្សារជាមួយតំណាងចែកចាយផលិតផលម៉ាក Mizuno ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា ហាង Mizuno មានទីតាំងស្ថិតនៅផ្ទះលេខ150H ផ្លូវលេខ516 ភូមិទី១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បាននាំមកនូវផលិតផលកីឡាដែលមានគុណភាពខ្ពស់ រួមមានស្បែកជើង សម្លៀកបំពាក់កីឡា និងឧបករណ៍កីឡាគ្រប់ប្រភេទ ដែលត្រូវបានរចនាឡើងដោយបច្ចេកវិទ្យាស្តង់ដាកម្រិតសកល។
ការនាំយកផលិតផល Mizuno ចូលក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាជំហានមួយជួយលើកកម្ពស់ការផ្គត់ផ្គង់សម្ភារកីឡាដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមកសាងសហគមន៍កីឡាឱ្យមានភាពរឹងមាំ និងចីរភាព ក៏ដូចជាការរួមចំណែកក្នុងសកម្មភាពសង្គម និងការងារសប្បុរសធម៌ផ្សេងៗ។ បន្ថែមពីនេះ វត្តមានរបស់ផលិតផល Mizuno ជាកត្តាមួយជួយបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែប្រសើរឡើង។

រាល់ចំណូលដែលបានមកពីការលក់ស្បែកជើង និងដងវាយសីនីមួយៗ ក្រុមហ៊ុន Sakae Fukusho Co., Ltd. ប្តេជ្ញាបរិច្ចាគ(CSR) ថវិកាចំនួន ២,០០០ (ពីរពាន់) រៀល រីឯ ចំណូលដែលបានមកពីការលក់ សម្លៀកបំពាក់ ទាំងលក់ដុំ និងលក់រាយនឹងត្រូវបរិច្ចាគថវិកាចំនួន ៥០០ (ប្រាំរយ) រៀល សម្រាប់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ ថវិកានេះនឹងត្រូវប្រើប្រាស់ដោយមានតម្លាភាព ដើម្បីគាំទ្រគម្រោងលើកកម្ពស់វិស័យកីឡា សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព៕










